ដោយៈ សុខុម
ហាណូយ: ទោះជាវិបត្តិសេដ្ឋកិច្ចកើនមានឡើង នៅទូទាំងពិភពលោកយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចវៀតណាម បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងស្វាហាប់គួរឱ្យស្ញើចសរសើរក្នុងឆ្នាំនេះ ដែលកំណើននេះសម្រេចបានលើសពីការព្យាកររបស់ស្ថាប័នអន្តរជាតិជាច្រើន។
កត្តានេះបានធ្វើឱ្យប្រទេសវៀតណាម ក្លាយជាតារារះចែងចាំងយ៉ាងកម្រក្នុងពិភពលោក ហើយមានសក្តានុពលអាចនឹងក្លាយជា “ខ្លាសេដ្ឋកិច្ច” ថ្មីប្រចាំអាស៊ី។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា។
របាយការណ៍ចុងក្រោយបំផុត ពីការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបានបង្ហាញថា អត្រាកំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសនេះ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល១២ឆ្នាំ ដោយឈានដល់៨,៨៣%។
អ្វីដែលគួរឱ្យកត់សម្គាល់ សេដ្ឋកិច្ចរបស់ប្រទេសនេះ សម្រេចបានកំណើន១៣,៧៦%ក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២២ ធៀបនឹង៧,៧២%ក្នុងត្រីមាសទី២ និង៥,០៥%ក្នុងត្រីមាសទី១ ឆ្នាំនេះ។
កំណើន GDP ១៣,៧%ក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២២ គឺជាអត្រាកំណើនប្រចាំត្រីមាសខ្ពស់បំផុត មិនធ្លាប់មាននៅប្រទេសវៀតណាម ដោយខ្ពស់ជាង បើធៀបនឹងអត្រា១៣,៥%របស់ប្រទេសឥណ្ឌា ក្លាយជាអត្រាខ្ពស់បំផុតនៅអាស៊ីក្នុងឆ្នាំនេះ។
ធនាគារពិភពលោក (World Bank) បានលើកឡើងថា ការនាំចេញ និងតម្រូវការរបស់វៀតណាម បានស្ទុះងើបឡើងវិញ ក្រោយការដកចេញវិធានការរឹតបន្តឹងលើការចល័តរបស់មនុស្សដើម្បីទប់ស្កាត់ការរីករាលវិបត្តិកូវីដ-១៩ ហើយភ្ញៀវទេសចរបរទេសក៏វិលត្រលប់ទៅវិញបន្តិចម្ដងៗ។
កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានរាយការណ៍នៅក្នុងវិស័យសំខាន់ៗទាំង៣ ដែលក្នុងនោះរួមមានវិស័យសេវាកម្មកើនឡើង១០,៥៧% ឧស្សាហកម្ម-សំណង់កើនឡើង៩,៦៣% និងកសិកម្ម-រុក្ខាប្រមាញ់-នេសាទកើនឡើង២,៩៩%។
ប្រាក់ចំណូលបានពីការនាំចូល-នាំចេញរបស់ប្រទេសវៀតណាម អំឡុងពេលនេះបានកើនឡើង១៥,១% ឈានដល់៥៥៨,៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្ម៦,៥២ពាន់លានដុល្លារ ខណៈការលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្មបានកើនឡើង២១%។
ក្រៅពីនេះ ស្ថានភាពអាជីវកម្មបាននិងកំពុងប្រសើរឡើងជាបន្តបន្ទាប់ ដោយចំនួនសហគ្រាសដែលទើបបង្កើតថ្មីបានកើនឡើង៣៨,៦% ឈានដល់ជាង១៦៣,០០០សហគ្រាស។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារវិនិយោគបរទេស FIA) នៃក្រសួងផែនការ និងវិនិយោគបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល៩ខែដើមឆ្នាំនេះក៏បានកើនឡើង១៦,២%ផងដែរ ដោយឈានដល់១៥,៤ពាន់លានដុល្លារ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំ៕ Vietnam News៕