ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោកគួច ចំរើននិងលោកស សុខា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រៀបចំព្រឹត្តិការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង លើកទី៣ ឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាតិលើកទី៣ ឆ្នាំ២០២២ នឹងចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ដោយមានការចូលរួមសម្របសម្រួលពីរដ្ឋបាលខេត្ត ដើម្បីលើកស្ទួយវិស័យកីឡា និងការពឹងផ្អែកលើឆន្ទៈ របស់សហព័ន្ធកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ចំពោះកីឡាម៉ូតូទឹកកម្ពុជា ជាកីឡាមួយដែលទទួលបានមេដាយមាសនាពេលខាងមុខ។
លោកបន្តថា អ្វីជាសំខាន់ការរៀបចំការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលមានរាជធានីខេត្តមួយចំនួន ធ្វើជាកន្លែងប្រកួតមានដូចជា រាជធានីភ្នំពេញ ខេត្តសៀបរាម ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប”។ លោកបន្តថា “ខេត្តព្រះសីហនុ ក៏ត្រូវរៀបចំព្រឹត្តិការកីឡានៅលើផ្ទៃទឹក ដែលមានកីឡាចូលរួមប្រកួតពីរប្រភេទ គឺការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម(សម្រាប់រាជធានីភ្នំពេញ)”។
លោកស សុខាបានលើកឡើងបន្តថា ទន្ទឹមនោះយើងត្រូវដាក់ចេញនូវវិធានការមួយចំនួនមានដូចជា ទី១ ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំពោះគណប្រតិភូចូលរួម ក៏ដូចជា ប្រជាពលរដ្ឋចូលរួមការប្រកួត ទី២ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីទីតាំងពាក់ព័ន្ធនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២ និងស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីពាក់កណ្តាលខែឧសភា ហើយខេត្តនិមួយៗត្រូវរៀបចំសង្ក្រានខេត្ត ដើម្បីឱ្យព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមរបស់យើង កាន់តែមានភាពទាក់ទាញ នឹងចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករនាពេលខាងមុខ។
ជាមួយគ្នានេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូសហព័ន្ធកីឡា ចូលរួមប្រជុំនៅខេត្តព្រះសីហនុ ស្តីពីការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២នៅលើទឹកដីខេត្តព្រះសីហនុ ដែលលោក ស សុខា បានធ្វើការណែនាំនៃព្រឹត្តិការណ៍កីឡាលើកទី៣ ដើម្បីត្រៀមលក្ខណៈចូលរួម និងកិច្ចសហការក្នុងការប្រកួតកីឡាលើកទី៣ នៅខេត្តព្រះសីហនុឱ្យទទួលបានជោគជ័យ។
លោកបន្តថា “ការប្រកួតកីឡានេះមានវិញ្ញាសារម៉ូតូទឹក និងទូកក្តោង ហើយឆ្នេររបស់យើង មិនមានសណ្ឋានដូចគ្នា នៃស្ថានភាពភូមិសាស្ត្រ ត្រូវការជ្រើសរើសឆ្នេរណាមួយឱ្យបានជាក់លាក់ ក្នុងនោះត្រូវទាមទាការបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ”។
លោកបានបន្តថា រដ្ឋបាលខេត្តមានផែ៥០២ សម្រាប់ឱ្យក្រុមការងារទូកក្តោងចូលចត ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងឈានទៅការប្រើប្រាស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ដោយសារខេត្តព្រះសីហនុ មានទីតាំងលំហរសាធារណៈ ប្រកបដោយសោភ័ណភាព អនាម័យ បរិស្ថាន ហើយការរៀបចំព្រឹត្តិការកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ជាឱកាសសម្រាប់ផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ វិនិយោគរបស់ខេត្តព្រះសីហនុ ពិសេសជាការលើកមុខមាត់របស់ខេត្តព្រះសីហនុ នៅពេលខាងមុខ។
ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុមានពីវិញ្ញាសារធំៗចំនួនពីរ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹកមាន ៥វិញ្ញាសារ និងកីឡាទូកក្តោងមានចំនួន៤វិញ្ញាសារដូចជា ទី១ ទូកក្តោង Windsurfing បុរស ត្រូវប្រកួតចំនួន៦ជុំ ទី២ ទូកក្តោង ILCA Boat Open ត្រូវប្រកួតចំនួន៦ជុំ ទី៣ទូកក្តោង Byte Boat ត្រូវប្រកួតចំនួន៦ជុំ
និងទី៤ទូកក្តោង Optimist Boat Open ត្រូវប្រកួតចំនួន៦ជុំ៕