ក្រុមហ៊ុនសុខាចាប់ផ្តើមឈូសផ្លូវពីផ្លូវជាតិលេខ៤តភ្ជាប់គ្នាជាមួយ ទីក្រុងបូកគោ

0

  ដោយៈ គង់ សូរិយា

       កំពតៈ ការសាងសង់ផ្លូវតភ្ជាប់ពីទីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ បាននិងកំពុងពង្រីកកាន់តែសកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនសុខាអូតែល ដែលទទួលបានសម្បទានពីរដ្ឋាភិបាល ដើម្បីកសាងទីក្រុងបូកគោបាននិងកំពុងចាប់ផ្តើមការងារថ្មីមួយទៀត។

ប្រភពពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនសុខា អូតែលបានឲ្យដឹងនាព្រឹកថ្ងៃទី២០ តុលានេះថា ការឈូសឆាយផ្កូវចេញពីចំណុចវាលស្រែ៥០០ ទៅកាន់ផ្លូវជាតិលេខ៤ ទើបសម្រេចបានប្រមាណ១៥គីឡូម៉ែត្រប៉ុណ្ណោះ មិនដូចការលើកឡើងរបស់សារព៌តមានមួយនោះទេ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុ​ងចាប់ផ្តើមឈូសឆាយផ្លូវ ចេញពីផ្លូវជាតិលេខ៤លើការដ្ឋានថ្មីមួយទៀត ដើម្បីតភ្ជាប់គ្នានឹងការដ្ឋាន ដែលបាននិងកំពុងឈូសឆាយ ចេញពីទីក្រុងបូកគោ ។

លោកបន្តថា ការឈូសឆាយផ្លូវថ្មីនេះ បាននិងកំពុងធ្វើយ៉ាងសកម្ម ដើម្បីសម្រេចបានតាមផែនការរបស់ក្រុមហ៊ុន ដែលបានគ្រោងទុក។

ផ្លូវមួយខ្សែនេះមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ដោយផ្លូវនេះមានការចំបែកជាពីរ បន្ទាប់ពីចេញពីចំណុចវាលស្រែ៥០០ នឹងមានការបំបែកជាពីរ ដោយខ្សែទី១ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ កាត់ចំការដូងប្រេងរបស់អ្នកឧកញ៉ាម៉ុង រិទ្ឋី និងចេញនៅចំណុចគីឡូម៉ែត្រ១៥៨ នៃផ្លួវជាតិលេខ៤ និងខ្សែបំបែកទៀត គឺតភ្ជាប់ទៅកាន់តំបន់់ពេជ្រ និល។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការកសាងទីក្រុងបូកគោត្រូវចំំណាយប្រាក់ច្រើនណាស់ ដោយទំហំចំណាយត្រូវការប្រាក់រហូតដល់២០ ទៅ៣០ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេលវិនិយោគរយៈពេលពី២០ទៅ៣០ឆ្នាំ។

អ្នកឧកញ៉ាបានបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណា​យប្រាក់ចន្លោះពី៤០០ទៅ៥០០លានដុល្លាររួចហើយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានានៅលើទីក្រុងនេះ”។ អ្នកឧកញ៉ាបានបន្តថា “ក្រុមហ៊ុនស្នើសុំរដ្ឋាភិបាល ជួយបន្តគាំទ្រគំរោងកសាងទីក្រុងបូកគោ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here