ដោយ សុផារី
សៀមរាប: រដ្ឋាភិបាលបានសិក្សាបញ្ចប់គម្រោងផ្លូវក្រវាត់ក្រុងសៀមរាបចំនួនពីរខ្សែ ដែលមានប្រវែងសរុបជាង១០០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាអស់ប្រមាណ១៤០លានដុល្លារអាមេរិក។
រហូតមកទល់ពេលនេះ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ ដោយគ្រោងនឹងសាងសង់ នាពេលឆាប់ៗខាងមុខ ក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។
នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
សម្តេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន២ខ្សែ រួមមាន ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវ៉ាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។
ក្នុងនោះ ផ្លូវវាងក្រុងខាងជើង មានប្រវែង៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន៩៤,១លានដុល្លារ របស់កូរ៉េខាងត្បូង ៕