គម្រោងសង់ស្ពានតម្លៃរាប់រយលានដុល្លារ ដែលអនុម័តដោយរដ្ឋាភិបាលថៃគំរាមកំហែងដល់ផ្សោតជិតផុតពូជ

0

ដោយៈ សុខុម

បាងកក: គម្រោងសាងសង់ស្ពានមួយតម្លៃ១១៨លានដុល្លារអាមេរិក កាត់បឹងសុងខ្លា (Songkhla Lake) ដែលគណៈរដ្ឋមន្ត្រីថៃ បានអនុម័តកាលពីពេលថ្មីៗនេះ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមសកម្មជនបរិស្ថាន ក៏ដូចជាអាជ្ញាធរផងដែរ។

ពួកគេបានលើកឡើងជាសំណួរថា តើគម្រោងសាងសង់ស្ពាននៅភាគខាងត្បូងប្រទេសថៃ នេះអាចនឹងគំរាមកំហែងដល់ផ្សោតជិតផុតពូជដែរឬយ៉ាងណា ខណៈផ្សោតអ៊ីរ៉ាវ៉ាឌី (Irrawaddy Dolphin) ដែលនៅសេសសល់ចុងក្រោយទាំង១៤ក្បាល កំពុងរស់នៅក្នុងបឹងដ៏ធំល្វឹងល្វើយនេះ។ នេះបើយោងតាមសារព័តមាន Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែតុលា។

បឹងសងខ្លា (Songkhla Lake) ដែលមានព្រំប្រទល់ជាប់ខេត្តសុងខ្លា (Songkhla) និងខេត្តផាត់ថាឡុង (Phatthalung) គឺជាបឹងធម្មជាតិធំបំផុតនៅក្នុងប្រទេសថៃ ដែលមានផ្ទៃក្រឡា១.០៤០គីឡូម៉ែត្រការ៉េ បើធៀបទៅនឹងបឹងទន្លេសាប របស់កម្ពុជា ដែលមានផ្ទៃក្រឡា២.៧០០គីឡូម៉ែត្រការ៉េ។

នៅក្នុងចំណាត់ការ ដើម្បីដោះស្រាយក្ដីបារម្ភអំពីផលប៉ះពាល់ នៃគម្រោងស្ពាននេះ ទៅលើការរស់រានរបស់ផ្សោត ដែលជិតផុតពូជទាំងនោះ នាយកដ្ឋានផ្លូវថ្នល់ជនបទ (Department of Rural Roads) និងនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ (Department of Marine and Coastal Resources) របស់ថៃ នឹងចាប់ផ្ដើមគម្រោងការមួយដើម្បីការពារផ្សោតទាំងនោះ ខណៈផែនការសាងសង់ស្ពាននេះ កំពុងតែដំណើរការទៅមុខ។

ស្ពាននេះនឹងតភ្ជាប់តំបន់ Koh Yai ក្នុងស្រុក Krasae Sin នៃខេត្តសុងខ្លា និងតំបន់ Jong Thanon នៃខេត្តផាត់ថាឡុង៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here