ដោយ៖ សុផារី
ភ្នំពេញ៖ ការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារបុរី ក្នុងក្រុងភ្នំពេញបណ្តាលឱ្យអ្នកអភិវឌ្ឍន៍ងាកមកពិចារណាក្នុងការកំណត់តម្លៃ នៃបុរី និងបានងាកមកប្រើប្រាស់សេវាកម្មលក់របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន ដើម្បីអាចបង្កើនការលក់បានច្រើន។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ តម្លៃផ្ទះបុរីបានធ្លាក់ចុះ ចន្លោះ២ទៅ៤ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស។
ការធ្លាក់ចុះនេះបានជំរុញឱ្យមាននិន្នាការថ្មីៗចំនួនពីរកើតមានឡើង ចំពោះទីផ្សារលំនៅឋាន ក្នុងក្រុងភ្នំពេញ ហើយក៏ជំរុញឱ្យអ្នកអភិវឌ្ឍមានការសម្របខ្លួនកាន់តែល្អប្រសើរ ដើម្បីឈរជើងដណ្តើមចំណែកទីផ្សារមួយនេះបានពីដៃគូរប្រកួតប្រជែង។
កញ្ញា ពេជ្រ សូនីតា ប្រធានជាន់ខ្ពស់ផ្នែកលក់លំនៅឋាន និងសេវាកម្មបង់រំលោះ នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ជាការពិត តម្លៃបុរីក្នុងក្រុងភ្នំពេញបានធ្លាក់ចុះ ជាការឆ្លើយតបនឹងបញ្ហានេះ អ្នកអភិវឌ្ឍន៍ចាប់ផ្តើមកាន់តែប្រយ័ត្នប្រយែង ក្នុងការអភិវឌ្ឍ និងការកំណត់តម្លៃនៃបុរីរបស់ខ្លួន។
បន្ថែមលើសនេះ កញ្ញាឱ្យដឹងទៀតថា “ស្របពេលដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ពីសំណាក់គម្រោងទាំងអស់ក្នុងស្រុក និងក្រៅស្រុក អ្នកអភិវឌ្ឍន៍អន្តរជាតិមានទំនោរងាកមកសហការជាមួយក្រុមហ៊ុន បរធនបាលកិច្ច (Trust Company) ក្នុងគោលបំណងពង្រីក និងទាក់ទាញគម្រោងវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា”។
ជាមួយគ្នានេះ អ្នកនាង គីម គិនកេសា ប្រធានផ្នែកជាន់ខ្ពស់ និងទីប្រឹក្សា CBRE Cambodia ក៏បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ បានបង្វែរគោលដៅមកប្រើប្រាស់សេវាកម្មលក់របស់ក្រុមហ៊ុនមានជំនាញលក់ ជាជាងការប្រើប្រាស់តែប្រតិបត្តិការលក់របស់ផ្នែកលក់ នៃក្រុមហ៊ុនរបស់ខ្លួនតែមួយមុខ។ ការណ៍នេះបាននាំមកនូវការងារធ្វើកាន់តែច្រើនសម្រាប់ក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ និងឈ្មួញកណ្តាល៕