ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ កំណើនប្រជាសាស្រ្ត ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ឋ ទីតាំងភូមិសាស្រ្តអំណោយផល និងជាតំបន់CBD បានធ្វើឲ្យតំបន់ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ក្លាយជាតំបន់សម្រាប់ការរស់នៅរបស់ក្រុមអភិជន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកមានចាប់ផ្តើមសម្លឹង និងរស់នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញកាន់តែច្រើន ដែលទឹកដីនេះមួយផ្នែកស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ មួយផ្នែកស្ថិតក្នុងខ័ណ្ឌឬស្សីកែវ និងមួយផ្នែកស្ដិតក្នុងខ័ណ្ឌសែនសុខ។
លោកបន្តថា “ភាពអំណោយផល នៃហេដ្ឋារចនាសម្ព័ន្ឋជារឿងមួយ ប៉ុន្តែអ្វីដែលផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល ជារឿងសំខាន់មួយទៀត គឺតំបន់នេះមានផ្សារទំនើបAEON Mall2 , MAKRO ផ្សារសហគមន៍ជាច្រើនទៀត”។ លោកបន្តថា “អ្នកមានលុយចង់រស់នៅតំបន់មានភាពងាយស្រួល មានខ្យល់អាកាសបរិសុទ្ឋ ជាក់ស្តែងតំបន់នេះមានបឹងកប់ស្រូវ មានទន្លេសាប ដែលផ្តល់បរិយាកាសររស់នៅ ពោរពេញដោយផាសុខភាពផងដែរ”។
លើសពីនេះ ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋជាតិធំៗ ដូចជា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦អា ផ្លួវលេខ១៣០ ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំរាប ភ្នំប្រសិទ្ឋ និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ និងអូសទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៤ លេខ៣ សុទ្ឋតែជាកក្តាអំណោយផលដល់ការធ្វើដំណើរ និងភាពងាយស្រួលសម្រាប់ការរស់នៅផងដែរ។លោកបណ្ឌិតគីម ហ៊ាងបញ្ជាក់ឲ្យដឹង។
លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ការអភិវឌ្ឈន៍នៅតំបន់ក្នុងកណ្តាលរាជធានីភ្នំពេញដូចជាតំបន់បឹងកេងកង តំបន់ទួលគោក គឺជាតំបន់រីកចម្រើន និងកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ ពិសេសជាតំបន់មិនមានដីទំនេរសំរាប់អភិវឌ្ឍន៍ ឬសាងសង់វីឡាធំៗទៀតទេ ហេតុនេះភាគខាងជើងរាជធានីគឺជាជម្រើសសមស្របមួយ សម្រាប់អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់អ្នកមានជីវភាពធូរធារ ព្រោះតំបន់នេះ ស្ថិតនៅកៀកនឹងក្រសួងធំៗជាច្រើនដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងស្ថាប័នជាច្រើនទៀតបាន និងកំពុងត្រៀមផ្លាស់ប្តូរមកកាន់តំបន់នេះផងដែរ៕