ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញ និងអ្នកធុរកិច្ចធ្វើការជាមួយក្រុមហ៊ុនចិនធំៗបានលើកឡើងថា អ្នកវិនិយោគចិនកាន់តែច្រើន នឹងវិលត្រលប់មកកម្ពុជាឡើងវិញ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។
ព៌តមានដ៨ល្អនេះកើតមាន ខណៈវិបត្តិនៅប្រទេសចិន កំពុងត្រូវបានដោះស្រាយបណ្តើរៗ ហើយការជាប់ឆ្នោតអាណត្តិទី៣ របស់ប្រធានាធិបតីចិនស៊ី ជីនពីង ក៏បានបញ្ចប់នូវការមន្ទិលផងដែរ។
អ្នកនាងជេស៊ីកា ភរិយាម្ចាស់ក្រុមហ៊ុនជនជាតចិនមួយរូបបានមាន ប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ តុលាថា តាមព៌តមានដែលអ្នកនាងទទួលបាន គឺអ្នកវិនិយោគចិននឹងត្រលប់មក កម្ពុជាឡើងវិញច្រើននៅដើមឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ ប្រពៃណីជនជាតិចិនបិទបញ្ចប់។
អ្នកនាងបន្តថា “តាមធម្មតាជនជាតិចិន ពួកគេមិនធ្វើអ្វីច្រើននៅមុនពេលពិធីបុណ្យជាតិដ៏ធំរបស់ពួកគេប្រចាំឆ្នាំឡើយ ពួកគេរង់ចាំរហូតដល់បញ្ចប់បុណ្យចូលឆ្នាំរបស់ពួកគេ ទើបពួកគេចាប់ផ្តើមជំនួញ”។ អ្នកនាងបន្តថា “កម្ពុជានៅតែជាទីផ្សារទាក់ទាញការវិនិយោគ ពីអ្នកធុរកិច្ចចិន ដោយសារទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ”។
អ្នកនាងជេស៊ីកាបានបន្តទៀតថា អ្នកវិនិយោគចិន បាននិងកំពុងសម្លឹងឱកាសវិនិយោគកាន់តែច្រើន លើសពីអចលនទ្រព្យ ដោយសារកម្ពុជាមានសក្តានុពលច្រើនលើវិស័យកសិកម្ម ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មជាដើម។ អ្នកនាងបន្តថា លោកប្តីរបស់អ្នកនាងបានបង្ហើបព៌តមាននេះឲ្យដឹង ហើយគាត់ថាមិត្តភ័ក្តគាត់ជាច្រើន នឹងមករកស៊ីនៅកម្ពុជានាពេលឆាប់ៗនេះ។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលមានទំនាក់ទំនងល្អជាមួយអ្នកវិនិយោគចិនបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវិនិយោគចិនជាច្រើន បាននិងកំពុងត្រៀមខ្លួនមកកាន់កម្ពុជា ដោយសារហេតុផលជាច្រើនដូចជា ទី១ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ ដែលមេដឹកនាំកម្ពុជា ចិនបានចាត់ទុកជាមិត្តភាពដែកថែប ទី២ គោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននៅតែមានសក្តានុពល និងពង្រីឱកាសវិនិយោគកាន់តែច្រើន ពីអ្នកវិនិយោគចិន។
ទី៣ កម្ពុជាជាប្រទេស ដែលមានភាពអំណោយផលសេដ្ឋកិច្ច បទដ្ឋានច្បាប់គតិយុត្តិកាន់តែរ៉ឹងមាំ និងលើកទឹកចិត្តការវិនិយោគកាន់តែច្រើន។ ទី៤ មូលដ្ឋានរ៉ឹងមាំនៃទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរលើឆាកអន្តរជាតិ ដែលមេដឹកនាំទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក។ ទី៥ ផលប្រយោជន៍នៃភូមិសាស្រ្តនយោបាយ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោបានធ្វើឲ្យប្រទេសទាំងពីរ បង្កើតនូវភាពជាដៃគូយុត្តិសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយប្រទេសទាំងពីរជាសហគមន៍ពីរ វាសនាតែមួយ។
ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យកម្ពុជា ក៏មានសុទិដ្ឋិនយមថា ចិននឹងវិលត្រលប់មកកាន់កម្ពុជាជាថ្មីផងដែរ ដោយសារហេតុផលមួយចំនួន។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងដោយសុទិដ្ឋិនិយមថា ផលចំណេញនៃការវិនិយោគមានកម្រិតខ្ពស់នៅកម្ពុជា ទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរនិងអ្វីៗជាច្រើន ត្រូវបានអ្នកធុរកិច្ចចិនបន្សល់នៅទីនេះ នឹងទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាច្រើនឡើងវិញនាពេលឆាប់ៗនេះ។
លោកបន្តថា “អ្វីៗនៅតែរង់ចាំពេលវេលាប៉ុណ្ណោះ ស្ថានភាពនឹងប្រសើរឡើង ហើយអ្នកវិនិយោគចិន និងអ្នកធុរកិច្ចដទៃទៀត នឹងមកកាន់កម្ពុជាច្រើននៅពេលអនាគត”៕