អ្នកជំនាញអចលនទ្រព្យនៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះស្ថានភាពអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន

0

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គិតមកដល់ចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្ហាញពីសញ្ញាមិនទាន់ប្រសើរឡើង នៅឡើយធៀបនឹងមុនកូវីដ១៩។

មានន័យថាវិស័យនេះ នៅតែមិនទាន់មានភាពប្រាកដប្រជា ទោះបីជាវិបត្តិកូវីដ១៩ នៅក្នុងប្រទេសបានប្រសើរឡើងក្ដី។ ទោះបីជាស្ថានភាពអច​ល​នទ្រព្យនៅតែមិនទាន់បានប្រសើរ ដូចកាលពីមុនកូវីដ១៩ក្ដី តែអ្នកជំនាញនៃវិស័យមួយនេះ នៅតែមានសុទិដ្ឋិនិយមខ្ពស់ហើយរំពឹងថា វានឹងនៅតែមានឱកាសសម្រាប់អ្នកវិនិយោគ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធីបានមានប្រសាសន៍ថានៅក្នុងកម្មវិធី ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុកាលពីព្រឹកថ្ងៃទី២៧ តុលា២០២២តាមប្រព័ន្ធវីដេអូZoomឱ្យដឹងថា ក្នុងបរិបទនេះ ជាស្ថានភាពមួយមិនជាអំណោយផលប៉ុន្មានទេ សម្រាប់ទីផ្សារអចលនទ្រព្យ ក៏ប៉ុន្តែវាក៏នៅតែមានចន្លោះ កន្លែងសម្រាប់ឱ្យយើងទាំងអស់គ្នាអាចឈរជើងបាន ដូច្នេះសរុបមកសម្រាប់ក្រុមហ៊ុនទាំងអស់ ក៏ដូចជាអ្នកប្រកបអាជីវកម្មទាំងអស់នៅក្នុងវិស័យនេះ ដែលយើងអាចជួបគ្នានិងឆ្លងកាត់ឧបសគ្គអស់រយៈពេលបី បួនឆ្នាំកន្លងមកនេះ អាចរាប់ថាសុទ្ធតែអ្នកខ្លាំង ។

លោកបន្តថា “តាមរយៈបទពិសោធន៍ រយៈពេលវិបត្តិកន្លងមក យើងអាចឆ្លងកាត់បាន ដូច្នេះក្នុងរយៈទៅមុខទៀត យើងត្រូវតែឆ្លងកាត់ជាមួយគ្នាឱ្យបាន និងត្រូវដើរទៅរកចំណុចមួយកាន់តែខ្ពស់ឡើងៗ”។ លោកបន្តថា “ជាទូទៅអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យ យើងបានឃើញថាសុទ្ធតែជាអ្នកខ្លាំង ហើយយើងឃើញអ្នកឧកញ៉ា ឧកញ៉ាមួយចំនួនសុទ្ធតែប្រកបរបរក្នុងវិស័យនេះដូចគ្នាដែរ គ្រាន់តែថារបៀបនៃការធ្វើរបស់គាត់ មានបែបផែនផ្សេងៗគ្នា”។

ជាមួយគ្នានេះ លោក ជាសុផល នាយកប្រតិបត្តិនៃក្រុមហ៊ុន Asia Real Estate Cambodia ក៏បានមានប្រសាសន៍ផងដែរថា សម្រាប់រូបលោក នៅតែមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ក៏ដូចជាវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា “យើងមិនអាចប្រកែកបានទេថា ពីផលប់ះពាល់លើអចលនទ្រព្យពីវិបត្តិ នាពេលកន្លងមកនិងបច្ចុប្បន្នប៉ុន្តែ អចលនទ្រព្យវាមានច្រើនផ្នែក ដោយផ្នែកខ្លះប៉ះពាល់តិចតួច ត្រឹម១០ឬ២០ភាគរយផ្នែកខ្លះប៉ះពាល់ធ្ងន់បន្តិច ប៉ុន្តែយើងនៅតែមានចន្លោះទីផ្សារ យើងនៅតែមានឱកាសក្នុងការវិនិយោគិន និងរកប្រាក់ចំណេញពីការវិនិយោគលើអចលនទ្រព្យ”។

លោកបន្តថា បើនិយាយពីស្ថានភាពជាក់ស្ដែង ប្រទេសកម្ពុជានៅតែមានភាពល្អប្រសើរ ដោយយើងបានឃើញជាក់ស្ដែង អាជីវកម្មមួយចំនួនធំបានដំណើរការឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩បានធូរស្រាល បើទោះបីជាដើមឆ្នាំ២០២២នេះ ពិភពលោកបានជួបប្រទះ នឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្ដី ។

លោកបន្ថែមថា ថ្មីៗនេះខាងប្រទេសចិន ក៏បានគ្រោងនឹងបង្កើនជើងហោះហើរផ្ទាល់មកកម្ពុជាឡើងវិញ បន្ទាប់ពីចិនបានរឹតបន្តឹង អស់រយៈពេលជាច្រើនខែមក ពាក់ព័ន្ធនឹងស្ថានភាពកូវីដ១៩ ដូច្នេះការបើកជើងហោះហើរផ្តាល់មកកម្ពុជានេះ នឹងនាំមកភ្ញៀវទេសចរចិន វិនិយោគិនដែលសុទ្ធជាភ្ញៀវនិងវិនិយោគិន ដែលមានសក្ដានុពលសក្ដានុពល សម្រាប់សេដ្ឋកិច្ចកម្ពុជា ដូច្នេះយើងនៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here