អគ្គនាយកERAអះអាងថា ទីផ្សារខុនដូនៅក្រុងព្រះសីហនុចាប់ ផ្តើមងើបឡើងវិញ

0

 ដោយៈ ស៊ីវ ម៉េង

       ព្រះសីហនុៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារខុនដូនៅក្រុងព្រះសីហនុ ចាប់ផ្តើមមានសញ្ញាប្រសើរឡើងវិញហើយ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងពេលធ្វើដំណើរបំពេញការងារនៅក្រុងព្រះសីហនុកាលពីចុងសប្តាហ៍មុនថា ស្ថានភាពមានភាពប្រសើរឡើង ដោយចំនួនភ្ញៀវទេសចរណ៍រាប់ពាន់ ម៉ឺននាក់បានទៅទស្សនាខេត្តព្រះសីហនុ បន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការ។

លោកបន្តថា “ប្រជាជនក្នុងស្រុក ចាប់ផ្តើមស្វែងរកខុនដូសម្រាប់លំហែ​រ ជាជាងស្នាក់នៅតាមសណ្ឋាគារ ដែលពេលខ្លះពួកគាត់មិនអាចរកបន្ទប់ជួលបាន”។ លោកបន្តថា “អ្នកដើរកំសាន្តពិតប្រាកដ ពួកគាត់សំរាកយ៉ាងហោចណាស់១យប់ ទៅ២យប់ ហេតុនេះបើពួកគេមានខុនដូផ្ទាល់ខ្លួន ជាការប្រសើរ ដោយពួកគាត់អាចស្នាក់នៅផង និងទុកសម្រាប់ជួលធ្វើជាខុនដូថែលផង”។

Condo Tell សំដៅដល់ខុនដូ បូកនឹងអូតែល ដែលភ្ញៀវអាចជួលស្នាក់នៅរយៈពេលវែង ឬរយៈពេលខ្លី និងមានតម្លៃសមរម្យ ហើយសេវាកម្មនិងការបំពាក់សម្ភារៈបរិក្ខាមានភាពស្រស់ស្អាត មិនចាញ់សណ្ឋាគារឡើយ។

លោកខន គង្គាបានបន្តថា​ តម្លៃខុនដូនៅក្រុងព្រះសីហនុ មានការធ្លាក់ចុះ ដែលមួយម៉ែត្រការ៉េមានតម្លៃចន្លោះពី១៨០០ ទៅ២០០០ដុល្លារអាមេរិក អាស្រ័យលើគំរោងនិមួយៗ ដែលពេលនេះជាតម្លៃល្អ និងជាឱកា​សសំរាប់ការវិនិយោគ និងទិញសម្រាប់លំហែរ។ លោកបន្តថា តម្លៃបច្ចុប្បន្ន​មានភាពប្រសើរ បើធៀបនឹងមុនការចាកចេញរបស់ចិន បន្ទាប់ពីការបិទហ្គេ​មអនឡាញ ក៏ដូចជា បញ្ហាកូវីដ១៩ ដែលបានធ្វើឲ្យទីក្រុងនេះស្ងប់ស្ងាត់។

រដ្ឋាភិបាលបានបាននិងកំពុងដាក់ចេញផែនការ និងយុទ្ឋសាស្រ្តយ៉ាង​ច្រើន ដើម្បីអភិវឌ្ឍន៍ទីក្រុងនេះជាទីក្រុងពហុបំណង ដើម្បីប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់អន្តរជាតិ។

ផែនការនេះបានបញ្ចប់ដំណាក់កាលទី២រួចហើយ ដែលដំណាក់កាល​នេះមានភាពសំខាន់ខ្លាំង ធៀបនឹងដំណាក់កាលដទៃទៀត ដើម្បីសម្រេច​បានតាមផែនការ និងយុទ្ឋសាស្រ្តក្នុងការកសាងទីក្រុងនេះ ជាទីក្រុងស៊ីវិល័យ និងវិបុលភាពសម្រាប់អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here