ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ការវិនិយោគ នៅក្នុងវិស័យសំណង់សម្រេចបាន១៩,៣២២គម្រោង ជាមួយទំហំទុនវិនិយោគជាង៣១ពាន់លានដុល្លារ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនឈរក្នុងលំដាប់ទី១ នៃការវិនិយោគលើវិស័យនេះ។
យោងតាមរបាយការណ៍ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេសមានសម្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ក្នុងរយៈពេល៦ខែ ឆ្នាំ ២០២២ ការវិនិយោគក្នុងវិស័យសំណង់មានចំនួន២០០០គម្រោង និងមានទុនវិនិយោគ១២០៦លានដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៤ ខែសីហា លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ប្រទេសដែលនាំមុខគេ ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា រួមមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។
លោកបានថ្លែងថា “វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន និងបង្កើតនូវឱកាសការងារជាច្រើន ព្រមទាំងបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គម និងបានចូលរួមដ៏សកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគ លើវិស័យនេះដោយផ្ទាល់់”។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ក្រៅពីចិន និងជប៉ុន ដែលបានចូលរួមវិនិយោគច្រើន ក្នុងវិស័យសំណង់នៅកម្ពុជា វិនិយោគិននៅតំបន់អឺរ៉ុប ក៏មានការវិនិយោគច្រើនគួរឱ្យកត់សម្គាល់ដែរ។
លោកបន្ថែមថា ទុនវិនិយោគដែលហូរចូលមកប្រទេសកម្ពុជា តាមរយៈវិស័យសំណង់ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទាំងនេះ បាននាំយកទុនពីបរទេសមកចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។
លោកនិយាយថា “ប្រទេសដែលជាប់លំដាប់ថ្នាក់ មានការវិនិយោគវិស័យសំណង់ច្រើនជាងគេទាំងនេះ ភាគច្រើនវិនិយោគលើខុនដូ អាផាតមិន និងតំបន់ប្រមូលផ្តុំការិយាល័យសម្រាប់ជួល។ ទោះយ៉ាងណា យើងឃើញថា វិបត្តិកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលមិនល្អលើវិស័យនេះ”។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលជិត២២ឆ្នាំមកនេះ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៥៧,៥៩០គម្រោង និងទុនវិនិយោគ ៦៦,២០៥លានដុល្លារ៕