មជ្ឈមណ្ឌលភស្តុភារកម្មដំបូងបំផុតរបស់កម្ពុជាចាប់ផ្តើមបង្ហាញរូបភាពជាផ្លូវការហើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលកំពុងតែខិតខំកសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់បានផងដែរ។

ក្នុងនោះ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មធំបង្អស់ និងដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ជាគម្រោងធំមួយក្នុងចំណោមគម្រោងធំៗជាច្រើន នឹងត្រូវបានបើកបង្ហាញរូបភាពផ្លូវការនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

មជ្ឈមណ្ឌលភស្តុភារកម្មនេះត្រូវបានវិនិយោគក្រោមទុនវិនិយោគសរុបប្រមាណ២០០លានដុល្លារអាមេរិក ដោយមានការសហការពីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសញ្ជាតិសិង្ហបុរី YCH Group និងក្រុមហ៊ុន Worldbridge ជាដៃគូរផ្នែកឯកជនកម្ពុជា។

កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់លោក ​អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួង​ការបរទេសសិង្ហបុរី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះនឹងអាចជួយលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ និងចំណេញពេលវេលា តម្លៃ និងមានលក្ខណៈប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ជាមួយគ្នានោះនឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើនឡើងថែមទៀត។

លោកបន្តទៀតថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញក៏នឹងបម្រើឱ្យការដឹកទំនិញទៅកាន់ប្រទេសវៀតណាម ឬពីវៀតណាមមកកាន់ប្រទេសកម្ពុជាវិញ ជាពិសេសអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនបានច្រើន អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here