ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ជាច្រើន ត្រូវបានផ្អាកដំណើរការនៅក្នុងវិបត្តិកូវីដ១៩ឆ្នាំ ២០២០និងឆ្នាំ២០២១ ប៉ុន្តែចូលដល់ឆ្នាំ២០២២នេះ ទោះបីជាស្ថានភាពសេដ្ឋកិច្ច និងវិបត្តិមិនទាន់បានធូរស្រាល និងកំពុងមានបញ្ហាប្រឈម ក៏មានគម្រោងមួយចំនួ នបានបន្តដំណើរការសាងសង់ឡើងវិញ និងបានបង្ហាញពីសញ្ញាវិជ្ជមាន សម្រាប់វិស័យនេះក្នុងឆ្នាំ ២០២៣ខាងមុខ។
លោកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍នៅពេលថ្មីៗនេះថា ចាប់តាំងពីដើមឆ្នាំ២០២២មក ឃើញថាអតិថិជន ដែលចង់ទិញអចលនទ្រព្យ មានអាទិភាពខ្ពស់ ហើយការទិញលក់ក៏ឃើញថា ចាប់ផ្ដើមមានសកម្មភាពកើនឡើងជាឆ្នាំ ២០២០និងឆ្នាំ ២០២១ ។
លោកស្រីបន្តថា “នៅពេលមានការទិញលក់ច្រើន ធ្វើឱ្យតម្រូវការនិងតម្លៃអចលនទ្រព្យ ក៏បានកើនឡើងជាងពីរឆ្នាំមុន”។លោកស្រីបន្ថែមថា “ហេតុនេះហើយ ក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសម្ចាស់គម្រោងដែលផ្អាកការសាងសង់ កាលពី២ឆ្នាំមុននោះ បានចាប់ផ្ដើមដំណើរការគម្រោងរបស់ខ្លួនឡើងវិញ”។
ជុំវិញការដំណើរការគម្រោងអភិវឌ្ឍន៍ឡើងវិញ គឺជាសញ្ញាដ៏ល្អមួយសម្រាប់ទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៣ និង២០២៤ ខាងមុខនេះ ។
លោកស្រីGrace Rachnyបានបន្ថែមថា ការបន្តគម្រោងអភិវឌ្ឍន៍ទាំងនេះ ក៏បានធ្វើឱ្យគម្រោងជាច្រើន បានបន្តដាក់លក់នៅលើទីផ្សារជាពិសេសនោះ នៅតំបន់ទួលគោកឃើញថា គម្រោងជាច្រើនបាននិងកំពុងជិតបញ្ចប់គម្រោងខ្លះបញ្ចប់ និងខ្លះទៀតបានចាប់ផ្ដើម នៅក្នុងឆ្នាំ២០២២នេះ ។
ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងហាក់ប្រុងប្រយ័ត្នថា យោងតាមការសិក្សា និងវាយតម្លៃរបស់ក្រុមហ៊ុនCBRE បានបង្ហាញឱ្យឃើញថា មានគម្រោងមួយចំនួន បានចាប់ផ្ដើមដំណើរការសាងសង់ ក្នុងឆ្នាំ២០២២នេះ តែមិនសូវមានគម្រោងថ្មីៗ ចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំនេះទេ ។
អ្នកនាងបន្តថា “សម្រាប់ទស្សនខ្ញុំ នៅក្នុងពេលអនាគតឆាប់ៗនេះ ក៏មិនទាន់អាចនិយាយបានទេ លុះត្រាតែស្ថានភាព សេដ្ឋកិច្ចសកល ជាពិសេសសេដ្ឋកិច្ចរបស់ចិន បានងើបនិងប្រសើរឡើងវិញ”។ អ្នកនាងបានបន្តថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែពឹងផ្អែកលើការវិនិយោគពីបរទេស ខណៈអ្នកវិនិយោគក្នុងស្រុកក៏ឃើញថា បានវិនិយោគច្រើនលើអចលនទ្រព្យក្នុងអំឡុងនៃវិបត្តិកូវីដ១៩នេះ”។
ចំណែកលោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងថា តាមរយៈសកម្មភាពនៃការទិញលក់ក្នុងឆ្នាំ ២០២២នេះ លោករំពឹងថាឆ្នាំ ២០២៣និង២០២៤ខាងមុខ វិស័យអចលនទ្រព្យទាំងទីផ្សារ និងតម្លៃ អាចនឹងប្រសើរជាងឆ្នាំ២០២០ ២០២១ក៏ដូចជាឆ្នាំ ២០២២នេះផងដែរ៕