ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តទាក់ទាញការអភិវឌ្ឍលំនៅឋានទាំងលំនៅឋានតម្លៃសមរម្យ តម្លៃមធ្យម និងតម្លៃខ្ពស់។ ជាក់ស្ដែង បុរីថ្មីមួយគឺបុរី HK Residence បានបង្ហាញខ្លួនយ៉ាងទាក់ទាញនៅតំបន់ប៉ែកខាងត្បូង ស្របនឹងគម្រោងអភិវឌ្ឍន៍មួយនេះបានសាងសង់ផ្ទះគំរូរួចរាល់ ហើយសម្រាប់បង្ហាញជូនអតិថិជនរបស់ខ្លួន។
លោក ចាប ពៅ អគ្គនាយកនៃក្រុមហ៊ុន HK Residence បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរី HK Resident បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងជុំវិញគម្រោង ដូចជា ប្រព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លើង និងបានសង់ផ្ទះគំរូរួចរាល់ហើយ សម្រាប់ឱ្យបងប្អូនអតិថិជនទស្សនា។
-->

លោកបន្តថា គម្រោងអភិវឌ្ឍន៍ HK Residence សាងសង់ឡើង នៅច្រកចូលតំបន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញមួយ និងកំពុងមានការអភិវឌ្ឍខ្លាំងលើលំនៅឋាន។ ផ្ទះនីមួយៗនៅក្នុងបុរីមានពីរជម្រើស សម្រាប់អតិថិជនក្នុងការជ្រើសរើស រួមមាន ប្រភេទវីឡាភ្លោះ និងវីឡាទោល ដែលមានទំហំដីធំៗ។

លោក ចាប ពៅ បានបញ្ជាក់ឱ្យដឹងថា “លក្ខណៈពិសេសរបស់គម្រោងលំនៅឋានរបស់យើងគឺបានរៀបចំប្លង់រួចជាស្រេច ដូច្នេះនៅពេលអតិថិជនទិញផ្ទះយើង ដោយបង់បានត្រឹមតែពាក់កណ្ដាល ឬក៏៥០ភាគរយ ក្នុងរយៈពេល១ឆ្នាំ ឬ១ឆ្នាំកន្លះ អតិថិជនអាចយកប្លង់ទៅដាក់ជាមួយធនាគារ ហើយបង់រំលស់បន្តជាមួយធនាគារបាន”។
លោកអគ្គនាយកបញ្ជាក់ទៀតថា អតិថិជនក៏មានជម្រើសក្នុងការបង់ប្រាក់ នៅពេលទិញផ្ទះ ជាមួយក្រុមហ៊ុនរបស់យើង ដោយអតិថិជនអាចបង់ជាមួយក្រុមហ៊ុនផ្ទាល់ក៏បាន ឬក៏អាចបង់ជាមួយធនាគារក៏បាន ដែលតម្លៃមានចាប់ពី៤៨.០០០ដុល្លារអាមេរិក ទៅដល់ក្រោម៦០.០០០ដុល្លារអាមេរិកក្នុងមួយល្វែង។

លើសពីនេះ នៅក្នុងគម្រោង HK Residence ក៏មានអភិវឌ្ឍន៍ដីឡូតិ៍ សម្រាប់លក់ជូនអតិថិជនដែលត្រូវការដីឡូតិ៍សម្រាប់សង់ផ្ទះ ដែលគម្រោងនេះនៅជាប់បុរី ហើយមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ។ ដីឡូតិ៍នីមួយៗមានទំហំធំៗ គឺក្បាល១២,៥ម៉ែត្រ និងជំរៅ៥០ម៉ែត្រ។ ដីឡូតិ៍នីមួយៗបានសាងសង់របងរួចជាស្រេច និងចាក់ដីបានស្មើរួចរាល់ហើយដែរ ដូច្នេះអតិថិជនចង់បាន គឺទិញហើយអាចសង់ផ្ទះបានតែម្ដង ដោយមានតម្លៃ២៨.០០០ដុល្លារអាមេរិក ដែលជាតម្លៃទាបជាងទីផ្សារនៅក្នុងតំបន់នោះ។
តំបន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងរីកដុះដាលកាន់តែខ្លាំង ក្រោយពីផ្លូវជាតិលេខ២បានពង្រីក និងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោបានចាប់ផ្ដើមសាងសង់។គម្រោងទាំងនេះបានទាក់ទាញអ្នកអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ងាកទៅរកការអភិវឌ្ឍនៅតំបន់នោះ ដើម្បីបំពេញតម្រូវការ៕
