GC Realty ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៊ីនសួរេន ដើម្បីផ្តល់ធានារ៉ាប់រងដែលមានសុវត្ថិភាពបំផុតដល់អតិថិជន

0

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ  ក្រុមហ៊ុនGC Realty ដែលជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេនៅកម្ពុជាបានប្រារព្ធពិធី ចុះកិច្ចកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសា​ស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតទីតានស្តូន ឡាយហ្វ៍ អ៉ីនសួរេន ម.ក  នៅការិយាល័យរបស់ក្រុមហ៊ុន GC Realty កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា២០២២។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម ការធានារ៉ាប់រង ការការពារ និងផ្តល់ទំនុកចិត្ត ជូនអតិថិជន ទាំងអស់ដែលបានទិញអចលនទ្រព្យពី ក្រុមហ៊ុនGC Reatly ។

លោក កាំង នីន នាយកនិងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន GC Realty បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលដ៏ពិសេសសម្រាប់យើង ហើយវាជាការតាំងចិត្តរបស់យើទាំងពីរ  ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនរបស់យើងGC Realty ក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យ។

លោកបន្តថា “លើសពីនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងអោយកាន់តែប្រសើឡើង ហើយនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសមកលើក្រុមហ៊ុនយើងទាំងពីរ”។

ជាមួយគ្នានេះ លោក ហង្ស សុចិត្រ អគ្គនាយករងនៃក្រុមហ៊ុន ទីតានស្តូនឡាយហ្វ៍ អ៊ីនសួរេន បានមានប្រសាសន៍ថា យើងទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាយើង មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយក្រុមហ៊ុនGC Realty នឹងធ្វើឱ្យយើងមានឱកាស ក្នុងការប្រឹក្សាយោបល់ជាមួយអតិថិជន ដែលមកទិញអចលនទ្រព្យ តាមរយៈក្រុមហ៊ុន GC Realty ហើយក៏នឹងអាចជួយអតិថិជន ក្នុងការការពារហានិភ័យហិរញ្ញវត្ថុរបស់អតិថិជនផងដែរ ។

ក្រុមហ៊ុន GC Realty ជាក្រុមហ៊ុនឈានមុខមួយ ក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានទីប្រឹក្សាផ្នែកលក់ជាច្រើនអ្នកដែលសុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈក្នុងវិស័យនេះ ដែលអាចជួយអតិថិជន ក្នុងការជ្រើសរើសគម្រោង ទៅតាមតម្រូវការ ជាពិសេសជួយសម្រួលដល់ការ ទិញ លក់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងម្ចាស់គម្រោងផងដែរ៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here