ក្រុមហ៊ុនរបស់សិង្ហបុរី Tanncam បោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ DCG

0

ដោយ: លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Tanncam Investment Pte Ltd បានបណ្តាក់ទុនវិនិយោគនៅក្នុងទំហំទឹកប្រាក់ដ៏ច្រើនគួរឱ្យកត់សម្គាល់ទៅក្នុងក្រុមហ៊ុនDigital Classified Group (DCG)។

Digital Classified Group (DCG)  គឺជាក្រុមហ៊ុនអចលនទ្រព្យអូស្ត្រាលី និងប្រតិបត្តិករអចលនទ្រព្យតាមអុីនធឺណិត និងក្រុមហ៊ុនចាត់ថ្នាក់ទូទៅនៅក្នុងទីផ្សារដែលកំពុងស្ទុះងើបខ្លាំង  និងទីផ្សារដែលកំពុងរីកចម្រើន។

លោក Anthony Galliano នាយកក្រុមហ៊ុន Tanncam និងជានាយកប្រតិបត្តិនៃការគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) បានមានប្រសាសន៍ថា ក្រុមហ៊ុន DCG បានបង្ហាញពីសមត្ថភាពដ៏ពិសេសមួយក្នុងការចូលទៅកាន់ទីផ្សារ ដែលកំពុងរីកចម្រើន និងស្ទុះងើបខ្លាំង ព្រមទាំងបានបង្កើតភាពលេចធ្លោមួយផងដែរ។

លោក Galliano បានមានប្រសាសន៍បន្តថា យើងកំពុងវិនិយោគលើអ្វី  ដែលយើងជឿជាក់ថាជាអនាគតដ៏ជោគជ័យមួយ ជាក្រុមគ្រប់គ្រងដ៏រឹងមាំ និងជាផលប័ត្រដ៏ជោគជ័យ។

លោកបានបន្ថែមថា ក្រុមហ៊ុន DCG ស្ថិតនៅលើចំណុចកំពូលនៃដំណើរដ៏មិនគួរឱ្យជឿរបស់ខ្លួន ហើយយើងរីករាយក្នុងការរួមចំណែកក្នុងការធ្វើការងារនេះ។

ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និងធុរកិច្ចសាជីវកម្ម CIM បានដើរតួជាអ្នកទំនាក់ទំនង និងទីប្រឹក្សាហិរញ្ញវត្ថុលើប្រតិបត្តិការសម្រាប់ក្រុមហ៊ុន Tanncam ហើយលោក Anthony នឹងបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន DCG ក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។

ក្រុមហ៊ុន និងម៉ាកយីហោ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន DCG រួមមានដូចជា ក្រុមហ៊ុន realestate.com.kh និង FazWaz ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន hausples.com.pg និង marketmeri នៅ Papua New Guinea ក្រុមហ៊ុន yula.la ក្នុងប្រទេសឡាវ និងក្រុមហ៊ុនproperty.com.fj។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន DCG បានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ពីការផ្សាយពាណិជ្ជកម្មទៅជាសេវាកម្មប្រតិបត្តិការ ដើម្បីពន្លឿនកំណើនរបស់ខ្លួន។

លោក Mathew Care នាយកប្រតិបត្តិនៃក្រុមហ៊ុន DCG បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបសម្រាប់ក្រុមរបស់យើង ខណៈអាជីវកម្មមានភាពទាក់ទាញឡើងវិញ ហើយយើងកំពុងជួបប្រទះនូវកំណើនដ៏រុឹងមាំ និងការកែលម្អយ៉ាងច្រើន នៅក្នុងមូលដ្ឋានគ្រឹះនៃផលប័ត្ររបស់យើង ។

លោក Mathew Care បានទទួលស្វាគមន៍ក្រុមហ៊ុន Tanncam ក្នុងនាមជាម្ចាស់ភាគហ៊ុនថ្មី និងជាវិនិយោគិនដ៏ល្បីល្បាញ ដោយលោករំពឹងថា ក្រុមហ៊ុននេះនឹងក្លាយជាចំណែកដ៏ជោគជ័យមួយ ជាមួយនឹងគោលបំណងយុទ្ធសាស្រ្តនាពេលអនាគតរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here