ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្រុងចំនួន២នៅក្នុងប្រទេសកម្ពុជា ត្រុវបានរំពឹងថានឹងទទួលបានការវិនិយោគពីបរទេស និងក្នុងស្រុកបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុងចំនួនពីរនេះ កំពុងទទួលបានការទាក់ទាញវិនិយោគិនបណ្ដើរៗហើយផងដែរ។
ទីក្រុងចំនួនពីរ ដែលត្រូវរំពឹងទុកខ្ពស់នេះ គឺក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
អ្វីដែលធ្វើឱ្យក្រុងទាំងពីរនេះ ទទួលបានការទាក់ទាញបន្ថែម និងរំពឹងថា ទទួលបានការវិនិយោគបន្ថែមទៀតនោះ គឺផ្លូវល្បឿនលឿនពីរខ្សែតភ្ជាប់ពីភ្នំពេញ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បានដាក់ដំណើរការរួចរាល់ហើយ និងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនទាំងពីរ នឹងនាំវិនិយោគិនជាតិនិងអន្តរជាតិ ទៅកាន់តំបន់ចុងផ្លូវស្វែងរកការវិនិយោគ ពីព្រោះថាពេលមានផ្លូវល្បឿនលឿន វិនិយោគិនអាចធ្វើដំណើរស្រួល ហើយការដឹកជញ្ជូនពីក្រុងទាំងពីរ មកកាន់រាជធានីភ្នំពេញ ក៏លឿនរហ័សផងដែរ ។
លោកបន្តថា “វាជាកត្តាដែលជំរុញឱ្យក្រុងទាំងពីរ នឹងទទួលបានការវិនិយោគបន្ថែមនៅពេលអនាគត ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏កំពុងតែទទួលបានសក្ដានុពលបណ្ដើរៗហើយ នៅក្នុងខេត្តព្រះសីហនុ ទាំងវិស័យទេសចរណ៍ និងការចាប់ផ្ដើមស្វែងរកការវិនិយោគ”។
ជាមួយគ្នានេះ លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holdingប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា ចាប់តាំងពីផ្លូវល្បឿនលឿភ្នំពេញ បាវិតមានដំណឹងពីការបើកការដ្ឋានឃើញថា មានវិនិយោគិនក្នុងស្រុកមួយចំនួន ចាប់ផ្ដើមមកកាន់ក្រុងបាវិត នៃខេត្តស្វាយរៀង ហើយក៏រំពឹងថានៅឆ្នាំ២០២៣ ការវិនិយោគនៅក្នុងតំបន់នេះ នឹងទទួលបានភាពប្រសើរឡើងវិញ ។
លោកបន្តថា “បច្ចុប្បន្ននេះមិនទាន់មានការវិនិយោគ ឬក៏មានវិនិយោគិនបរទេសចូលមកវិញនៅឡើយទេ ក្នុងក្រុងបាវិត តែអនាគតឆាប់ៗ ជាពិសេសនៅពេលផ្លូវសាងសង់រួច នឹងមានវិនិយោគិនបរទេសកាន់តែច្រើនចូលមកកាន់ទឹកដីនៃក្រុងបាវិត ដើម្បីបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ពេលនោះសក្ដានុពល និងហាងឆេងអចលនទ្រព្យ នឹងកាន់តែកើនឡើងខ្ពស់៕