ដោយៈ ច្រាយ ចំណាន
កោះកុងៈ ស្ពានប្រវែងមធ្យមមួយ ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅខេត្តកោះកុង នឹងបញ្ចប់ការសាងសង់នៅដើមខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងលោកអន ដាវុធ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងារជំនាញរបស់លោក នឹងពន្លឿនការសាងសង់ស្ពានកោះយ៉ថ្មី ឱ្យចប់នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោកបន្តថា គិតចាប់ពីដើមខែសីហា មកទល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះយ៉ បានសម្រេចការងារប្រមាណជា៦០ភាគរយហើយ ដោយការងារនៅសេសសល់៤០ភាគរយនោះ គឺការខួងរណ្ដៅសសរស្ពានចុងក្បាលស្ពាន និងលើកទម្រទួលស្ពានតភ្ជាប់គ្នា។
លោក អន ដាវុធបានបញ្ជាក់ថា លោកនឹងជំរុញដល់ក្រុមការងារ ដើម្បីពន្លឿនការអនុវត្តស្ថាបនា ឱ្យចប់ជាស្ថាពរនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ខាងមុខ មុននឹងយុទ្ធការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រមកដល់។
ស្ពានកោះយ៉ថ្មីប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រើប្រាស់ថវិកាចំណាយសរុប១,៤លានដុល្លារអាមេរិក។
ស្ពានបេតុងថ្មីស្រឡាងមួយនេះដែរ ធ្វើឡើងតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយអ្នកឧកញ៉ាលី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកសម្របសម្រួលដោះស្រាយ ខណៈស្ពានដែកបាឡេកោះយ៉បច្ចុប្បន្ននេះ មានសភាពចាស់ទ្រុឌទ្រោម និងតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់។៕