ដោយ: សុផារី
ភ្នំពេញ: ដីកសិកម្មអាចជាជម្រើសដីធ្លីវិនិយោគមួយ ដែលមិនសូវទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំនាញអច លនទ្រព្យលើកឡើងថា តាមពិតទៅ ដីធ្លីកសិកម្មនៅក្នុងប្រទេសកម្ពុជាក៏ជាជម្រើសវិនិយោគ ដ៏មានសក្តានុពលខ្ពស់មួយផងដែរ។
លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនា ញអចលនទ្រព្យ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងមកថា វិស័យអចលនទ្រព្យ ប្រសិនបើយើងចេះគិតស្វែងរកយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ នោះនឹងអាចមានផលចំណេញ។ តាមការស្រាវជ្រាវវិស័យអចលនទ្រព្យ និងដីធ្លីដើរល្អបំផុត គឺការវិនិយោគទៅលើដីកសិកម្ម។
-->


លោកឧកញ៉ាលើកឡើងថា “នៅពេលដែលយើងទៅទិញដីកសិកម្ម យើងយកមកសិក្សាផែនការ ក្នុងការដាំដុះអ្វីមួយ ហើយយើងលក់ផលក្នុងមួយខែបានប៉ុន្មាន ក្នុងមួយឆ្នាំបានប៉ុន្មាន ឬក្នុងមួយរដូវបានប៉ុន្មាន”។លោកបន្តថា “សរុបបានផលប៉ុន្មានភាគរយក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងអត្រាការប្រាក់ធនាគារ ដែលខ្ចីយកមកវិនិយោគ យើងឃើញថាមានភាពល្អជាង”។
លោកឧកញ៉ាឃាង ពុទ្ឋីបានបន្តថា ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដីធ្លីរបស់កម្ពុជា ជាដីមាសអំណោយផលសម្រាប់ការដាំដុះ ហើយពិភពលោកកំពុងតែមានវិបត្តិស្បៀងអាហារ ហេតុអ្វីបានជាដីកសិកម្ម មិនទាន់មានអ្នកណាមើលឃើញ”។
លោកឧកញ៉ាបញ្ជាក់ថា ការវិនិយោគលើដីធ្លីប្រភេទកសិកម្ម នឹងផ្តល់ផលចំណេញខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ ចំពោះសង្គមជាតិទៀតផង។ លោកឧកញ៉ាបានបន្ថែមថា “ប្រសិនបើយើងសិក្សាឲ្យបានច្បាស់លាស់ស្វែងរកអ្នកបច្ចេកទេសឲ្យបានត្រឹមត្រូវ នោះដីកសិកម្មនិងផ្ដល់ផលសម្រាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ សេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំងផងដែរ”៕
