ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ តំបន់សមុទ្រ និងតំបន់ប៉ែកឦសាន្តនៃប្រទេសបានបង្ហាញសាច់ដុំកាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគិនលើអចលនទ្រព្យ ដីធ្លី ស្របពេលរដ្ឋាភិបាលបានបង្ហើបពីគម្រោងវិនិយោគសាធារណ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។
ចុងឆ្នាំ២០២២ រដ្ឋាភិបាលដាក់ដំណើរការផ្លូវថ្មីៗនៅក្នុងខេត្តព្រះសីហនុ និងបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវមួយចំនួន នៅតំបន់សមុទ្រ នៃខេត្តកំពត និងខេត្តកែប ជាមួយនឹងផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ទាំងនោះផងដែរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សមុទ្រនេះបានបង្ហាញពីសក្ដានុពលបន្ថែម ទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងតំបន់មួយនេះ។
-->

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានបង្ហើបពីសក្ដានុពល ដែលវិនិយោគិនគួរតែបណ្ដាក់ទុនវិនិយោគ ជាពិសេសទៅលើឧស្សាហកម្មធុនធ្ងន់ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ ក្រៅពីឧស្សាហកម្មសម្ដេចតេជោក៏បានបង្ហាញពីសក្ដានុពល នៃវិស័យទេសចរណ៍ក្នុងខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក។
បណ្ដាខេត្តនៅតំបន់សមុទ្រនេះក៏ឃើញថា វិនិយោគិនក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍ និងចាប់ផ្ដើមអនុវត្តគម្រោងរបស់ខ្លួនបណ្ដើរៗ និងខ្លះទៀតត្រៀមចាំស្វាគមន៍ ជាមួយវិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះផងដែរ។

ក្រៅពីតំបន់សមុទ្រ រដ្ឋាភិបាលក៏បានបង្ហាញពីសក្ដានុពលតំបន់ប៉ែកឦសាន្ត នៃប្រទេសកម្ពុជាផងដែរ ដោយនៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមប្រកាសពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតំបន់ប៉ែកឦសាន្ត ដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែផ្ដល់ជាប្រយោជន៍ ដល់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ តែវាក៏ជាធ្នាក់មួយទាក់ទាញអ្នកអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេសផងដែរ។
បើយើងក្រលេកទៅមើលបទពិសោធន៍ នាពេលកន្លងមក ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ទីនោះតែងតែជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងមួយកម្រិត វាអាស្រ័យទៅលើទីតាំងនោះអាចអភិវឌ្ឍន៍ជាអ្វី ហើយគម្រោងអភិវឌ្ឍន៍របស់ឯកជនក៏ចាប់ផ្ដើមរីកសាយទៅកាន់តំបន់ទាំងនោះដែរ។ ទាំងនេះសុទ្ធសឹងតែកត្តា ដែលធ្វើឱ្យរដ្ឋាភិបាលខិតខំសន្សំថវិកា និងកៀរគរថវិកា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅក្នុងប្រទេស៕
