ដោយៈ សុខុម
រីយ៉ាដៈ ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានដាក់ចេញនូវផែនការសេដ្ឋកិច្ច៨,៧ពាន់លានដុល្លារ កាលពីថ្ងៃពុធ ទី៤ ខែមករា ជាមួយនឹងគោលដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅទសវត្សរ៍ក្រោយ ខណៈក្រុងនេះ មានមហិច្ឆតាពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនទ្វេដង។
ផែនការសេដ្ឋកិច្ចថ្មីដែលមានឈ្មោះថា “D33” នេះរួមបញ្ចូលទាំងគម្រោងផ្លាស់ប្តូរ រហូតដល់ទៅ១០០គម្រោងនៅក្រុងឌូបៃផងដែរ ខណៈរដ្ឋាភិបាលចង់ធ្វើឱ្យឌូបៃ ជាប់ឈ្មោះក្នុងចំណោមទីក្រុង សេដ្ឋកិច្ចកំពូលទាំង៣ក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។
-->

លោក Sheikh Mohammed bin Rashid Al-Maktoum ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត និងជាមេដឹកនាំក្រុងឌូបៃផងដែរនោះ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “យើងមានវិនិយោគិនជាង៣០០.០០០នាក់នៅក្រុងឌូបៃ ហើយខ្ញុំសូមអញ្ជើញអ្នកគ្រប់គ្នា ឱ្យចូលរួមក្នុងដំណើររបស់យើង ដើម្បីឆ្ពោះទៅកាន់គោលដៅក្លាយ ជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក”។
ក្រោមផែនការនេះ ពាណិជ្ជកម្មបរទេសត្រូវបានកំណត់គោលដៅឱ្យឈានដល់៧,៩៧ទ្រីលានដុល្លារ នៅរយៈពេល១០ឆ្នាំក្រោយ ដោយកើនឡើងពីជាង៣,៨៦ទ្រីលានដុល្លារ ក្នុងទសវត្សរ៍កន្លងមក។
មេដឹកនាំក្រុងឌូបៃ រូបនេះក៏សរសេរបន្ថែមទៀតថា ក្រុងឌូបៃ កំពុងរៀបចំផែនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាមធ្យម១៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗនៅទសវត្សរ៍ក្រោយ ដើម្បីឈានលើស១៧៧ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣៣។
ម្យ៉ាងវិញទៀតការចំណាយរបស់រដ្ឋាភិបាលត្រូវបានរំពឹងថា នឹងឈានដល់១៩០ពាន់លានដុល្លារ នៅឆ្នាំ២០៣៣ បើធៀបនឹង២១៥ពាន់លានដុល្លារ ក្នុងពេល១០ឆ្នាំកន្លងមក។
សម្រាប់ការវិនិយោគផ្នែកឯកជនត្រូវបានព្យាករថា នឹងឈានដល់២៧២ពាន់លានដុល្លារ នៅទសវត្សរ៍ខាងមុខ ដោយកើនឡើងពី២១៥ពាន់លានដុល្លារ ក្នុងពេល១០ឆ្នាំកន្លងមក៕ Arab News៕
