អចលនទ្រព្យបម្រើឱ្យវិស័យឧស្សាហកម្មបន្តបង្ហាញភាពល្អប្រសើរ នៅក្នុងឆ្នាំ២០២៣នេះ

0

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលការបើកដំណើរការ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសនានាទូទាំងប្រទេស ដំណើរការផលិតកម្មក៏មានភាពល្អប្រសើរ ដែលនេះក៏បានគាំទ្រដល់តម្រូវការនៃអចលនទ្រព្យបម្រើឱ្យវិស័យនេះផងដែរ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍ប្រាប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា តម្រូវការនៃការប្រើប្រាស់ប្រភេទ អចលនទ្រព្យបម្រើឱ្យវិស័យឧស្សាហកម្ម នៅតែមានតម្រូវការជាធម្មតា គ្រាន់តែចរន្តនៃការដោះដូរមិនមានចំនួនច្រើនដូចកាលពីមុន។

លោកស្រីបានមានប្រសាសន៍ថា “ជាក់ស្តែង ការស្វែងរកជួលឃ្លាំងសម្រាប់ស្តុកអីវ៉ាន់ មានតម្រូវការជាហូរហែរ ទោះបីមានចំនួនមិនច្រើនណា​ស់​ណាក្តី ជាពិសេស នៅក្នុងក្រុងភ្នំពេញ និងនៅក្នុងតំបន់ជាយក្រុង”។

សម្រាប់ឆ្នាំ២០២៣ លោកស្រីបានបញ្ជាក់ថា ស្ថានភាពនៃអចលនទ្រព្យប្រភេទនេះ នៅមានភាពមិនទាន់ច្បាស់លាស់នៅឡើយ ដោយសារគេត្រូវរង់ចាំមើលរហូតដល់ពាក់កណ្តាល ឆ្នាំ២០២៣ ដើម្បីអាចវាយតម្លៃជាថ្មីថា តើស្ថានភាពមានភាពល្អប្រសើរជាងមុនឬទេ?។ លោកស្រីលើកឡើងថា ប្រសិនបើស្ថានភាពកូវីដ១៩ នៅមិនមានការបំប្លែងថ្មី ហើយស្ថានភាពស  ង្គ្រាមរុស្សី-អ៊ុយក្រែន មានភាពល្អប្រសើរ នោះស្ថានភាពទីផ្សារក៏នឹងមានភាពល្អប្រសើរផងដែរ។

ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងការប្រកាសពីគម្រោងផ្លូវល្បឿ​នលឿនភ្នំពេញ-បាវិត នឹងបម្រើជាផ្លូវដឹកជញ្ជូន ដើម្បីទាក់ទាញដល់ផលិ​តកម្មយ៉ាងទូលំទូលាយ។

លោកស្រីបានបន្តថា លើសពីនេះ ដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងផ្លូវក្រោមគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ (BRI) នឹងទាក់ទាញការផលិត និងបង្កើតការងារកាន់តែច្រើនបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផល ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំនើរ​ និងការនាំចេញស្បែកជើងរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ទោះជាមានវិបត្តិកូវីដ-១៩ក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅសប្តាហ៍មុនបានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២២នេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា មានកំណើនចំនួន៣០ភាគរយ ដោយមានរហូតដល់ទៅ៥២ កើនឡើងពីចំនួន៤០នៅឆ្នាំ២០១៩ ដែលធ្វើឱ្យឆ្នាំ២០២២កន្លងមក ទំហំតំបន់សេដ្ឋកិច្ចពិសេសសរុបនៅទូទាំងប្រទេសមានទំហំជាង១៦.០០០ហិចតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here