ដោយៈ សុផារី
ភ្នំពេញៈ ទោះប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក្តី អចលនទ្រព្យកម្ពុជា អាចនៅបន្តឈរជើងបាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
អ្នកជំនាញអន្តរជាតិមួយបានលើកឡើងថា ការបន្តឈរជើងរបស់អចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០២៣ បានបង្ហាញភាពធន់ និងស្ថិរភាព។
លោក Ross Wheble ប្រធានប្រចាំប្រទេស Knight Frank Cambodia បានមានប្រសាសន៍ចែករំលែក លើប្រធានបទ “ទិដ្ឋភាពជារួមក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣” ដែលរៀបចំដោយ International Business Chamber Cambodia ថា ទោះបីជាមានបញ្ហាប្រឈម ដែលបង្ហាញដោយអស្ថិរភាពពិភពលោកបច្ចុប្បន្ន អតិផរណាខ្ពស់ និងភូមិសាស្ត្រនយោបាយក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែបន្តបង្ហាញភាពធន់ និងស្ថិរភាព។
លោកបានបញ្ជាក់ថា “យើងកំពុងមើលឃើញឱកាស សម្រាប់កំណើននៅក្នុងច្រករបៀងភាគខាងត្បូង នៃរាជធានីភ្នំពេញ និងតំបន់ព្រលានយន្តហោះថ្មី”។ លោកបន្តថា “តំបន់អរិយក្សត្រ និងទន្លេមេគង្គខាងកើតក៏បង្ហាញពីសក្តានុពលសម្រាប់ការអភិវឌ្ឍផងដែរ”។
លោកបានបន្តថា លើសពីនេះ ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដោយប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជំរុញទេសចរណ៍ និងកែលម្អការកាន់កាប់សណ្ឋាគារ ដែលនឹងជំរុញឱ្យមានការកើនឡើងនៃការលក់រាយផងដែរ។ វិស័យឧស្សាហកម្ម និងភស្តុភារក៏កំពុងត្រៀមខ្លួន សម្រាប់កំណើនផងដែរ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាល បានបើកឱកាសសម្រាប់អ្នកអភិវឌ្ឍ។
លោកបានបន្ថែមថា យ៉ាងណាក្តីគេសង្គេតឃើញថា នាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍកំពុងសម្លឹងមើលទីតាំងក្រៅពីខេត្ត និងទីក្រុងទាំងឡាយ រួមមាន ក្រុងភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប ជាដើម ដើម្បីទាញយកឱកាសថ្មីៗ និងបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង។
ជាមួយគ្នានេះ អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ដែលជាអគ្គនាយកគេហទំព័រPropertyarea.asiaបានសម្តែងសុទិដ្ឋិនិយមផងដែរថា មានកត្តាសំខាន់ៗជាច្រើន ដែលវិស័យអចលនទ្រព្យនឹងងើបឡើងវិញនៅឆ្នាំនេះ ដែលកត្តាទាំងនោះរួមមាន ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដែលនឹងសម្រេចបានក្នុងរង្វង់៦ភាគរយនៅឆ្នាំនេះ ដោយទំហំប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជននឹងកើនដល់ជិត២០០០លានដុល្លារ ដែលកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានលំហូរសាច់ប្រាក់ កាន់តែច្រើនចូលក្នុងវិស័យនេះ។
លោកបន្តថា “ការបង្កើនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការបើកចំហប្រទេសចិនឡើងវិញ ការងើបឡើងនៃវិស័យទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម សុទ្ឋតែជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជម្រុញកំណើនទិញ លក់ក្នុងវិស័យអចលនទ្រព្យ”៕