ដោយៈ ជេស៊ីកា
ភ្នំពេញៈ ទិន្នន័យបច្ចុប្បន្នភាពបានបង្ហាញថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ សម្រេចបានជាង៤៣ភាគរយហើយ គិតត្រឹមដំណាច់ឆ្នាំ២០២២។
យោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលផ្តល់ជូនដោយលោកស៊ិន ចាន់់សិរីវុត្ថាបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៧ មករាកន្លងមកថា លទ្ឋផលការងារសាងសង់ដំណាក់កាលទី១ សម្រេចបាន៤៣ភាគរយ គិតត្រឹមដំណាច់ថ្ងៃទី៣១ ធ្នូឆ្នាំ២០២២។
ការសាងសង់ព្រលានយន្តហោះនេះ បានចាប់នផ្តើមបើកការដ្ឋានសាងសង់ នៅឆ្នាំ២០១៩ និងគ្រោងបញ្ចប់ដំណាក់កាលទី១ នៅពាក់ឆ្នាំ២០២៤។
របាយការណ៍ដដែលបានបង្ហាញថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំងអស់ ទទួលបានជើងហោះហើរ ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ គឺស្មើនឹង៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ និងទទួលបាន អ្នកដំណើរសរុបចំនួន២,៣៨២,០០០នាក់ កើនឡើង៩០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕