ដោយ៖ សុផារី
ភ្នំពេញ: បញ្ហាប្រឈមនិង ឱកាស តែងតែកើតមានទន្ទឹមគ្នា។ ទោះបីអចលនទ្រព្យក្នុងឆ្នាំ២០២៣ ត្រូវបានមើលឃើញថា នៅមានភាពមិនច្បាស់លាស់ក្តី តែអ្នកជំនាញក៏មើលឃើញថា នៅមានឱកាសវិនិយោគច្រើនផងដែរ។
លោកឧកញ៉ា តេង រឹទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែមករាថា នៅក្នុងឆ្នាំ២០២៣នេះ ឱកាសនៃការវិនិយោគលើអចលនទ្រព្យប្រភេទ ដែលមានតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍ រួមមាន លំនៅឋាន ដែលបច្ចុប្បន្ន នៅមានកង្វះខាត និងមានតម្រូវការខ្ពស់។
លោកឧកញ៉ាបញ្ជាក់ថា ” វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៣ ឱកាសនៅតែមានខ្លះដែរ ជាពិសេសឱកាសក្នុងការវិនិយោគលើប្រភេទអចលនទ្រព្យ ចាំបាច់សម្រាប់ការអភិវឌ្ឍ ដូចជា លំនៅឋាន អចលនទ្រព្យឧស្សាហកម្ម និងការវិនិយោគលើដីធ្លីកសិកម្មជាដើម”។
លោកឧកញ៉ាបានបន្តថា អចលនទ្រព្យឧស្សាហកម្មប្រភេទឃ្លាំង រោងចក្រ និងសហគ្រាស ក៏ជាប្រភេទអចលនទ្រព្យដែលនឹងមានតម្រូវការខ្ពស់ខ្លាំង នៅក្រោយពេលស្ថានភាពទីផ្សារងើបឡើងវិញ។ លោកឧកញ៉ាយល់ថា នេះជាពេលវេលាដែលអ្នកវិនិយោគអាចគិតគូរលើការអភិវឌ្ឍប្រភេទនេះ ដោយសារតម្រូវការនឹងមានច្រើន នៅពេលដែលស្ថានភាពល្អប្រសើរនាពេលឆាប់ៗ។
បន្ថែមលើសនេះ លោកឧកញ៉ាបានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យកសិកម្ម ក៏ជាឱកាសល្អ ហុចផលចំណេញមួយផងដែរ តាមរយៈអត្រាតម្លៃដីធ្លីដ៏សមរម្យ នឹងការអភិវឌ្ឍជាតំបន់ដាំដុះដំណាំផ្សេងៗ។ លោកឧកញ៉ាបញ្ជាក់ថា “អចលនទ្រព្យទាក់ទងនឹងកសិកម្ម ជាឱកាសបានផលចំណេញពីការទិញដីបានធូរថ្លៃ និងអភិវឌ្ឍន៍ដាំដុះដំណាំផ្សេងៗ”។
ស្រដៀងគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យក៏បានមានប្រសាសន៍ថា យោងតាមការសិក្សាបានរកឃើញថា ការិវនិយោគលើដីធ្លីប្រភេទកសិកម្មជាជម្រើសវិនិយោគមួយ ដែលផ្តល់ផលចំណេញខ្ពស់ តាមរយៈការទិញបានក្នុងអត្រាតម្លៃដីធ្លីសមរម្យបំផុត ហើយការអភិវឌ្ឍនៅលើដីធ្លីប្រភេទនោះនឹងហុចមកវិញនូវផលចំណេញខ្ពស់ ក្នុងរយៈពេលកំណត់នៃការវិនិយោគផងដែរ៕