ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅជុំវិញរាជធានីភ្នំពេញ បានបែងចែកលើការអភិវឌ្ឍលំនៅឋាន ដែលតំបន់ខ្លះផ្ដោតលើលំនៅឋានតម្លៃសមរម្យ តំបន់ខ្លះផ្ដោតតែលើលំនៅឋានតម្លៃខ្ពស់ ទោះបីជាតំបន់នោះ មិនទាន់មានមនុស្សទៅរស់នៅច្រើនក៏ដោយ។
យើងក្រលេកទៅមើលតំបន់ប៉ែកខាងជើង រាជធានីភ្នពេញនាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគមួយចំនួន បានផ្ដោតលើការអភិវឌ្ឍលំនៅឋានដេលមានតម្លៃខ្ពស់ៗ ដើម្បីផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។
បើយើងក្រលេកមើលទៅតំបន់ ស្ថិតនៅតាមបណ្ដោយផ្លូវជាសុផារ៉ា ឬផ្លូវ៥៩៨ យើងនឹងឃើញថាសំណង់លំនៅឋានថ្មីៗ បានចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ តែកុំសួរពីតម្លៃផ្ទះនៅតំបន់ទាំងនោះ គឺសុទ្ធតែរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយល្វែង។ តែក្រុមហ៊ុនអភិវឌ្ឍន៍ក៏បាន ធ្វើទំនើបកម្មលើលំនៅឋានទាំងនោះ ដើម្បីឱ្យស័ក្តិសមនឹងតម្លៃផ្ទះនីមួយៗផងដែរ។
លោកសេម ប៉េ នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយ នៅតាមបណ្ដោយផ្លូវជា សុផារ៉ាឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតំបន់តាមបណ្ដោយផ្លូវនេះ ហាក់មានការរីកដុះដាលខ្លាំង និងផ្ដោតទៅលើគម្រោងលំនៅឋាន តម្លៃខ្ពស់សម្រាប់អភិជន ដោយសារតែនៅតំបន់ជុំវិញនោះ មានសុទ្ធតែស្ថាប័នជាតិ ស្ថាប័នរដ្ឋធំដូចជាស្នងការប៉ូលីស ស្ថាប័នសាធារណការនិងដឹកជញ្ជូនជាដើម។
ក្រៅពីនេះក៏មានផ្សារទំនើប ដែលទើបអភិវឌ្ឍន៍ថ្មីៗជាច្រើន និងមានគម្រោងទំនើបៗជាច្រើនទៀត ដែលកំពុងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវនោះ ។
លោកបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក ក៏បាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍលំនៅឋានបែបអភិជនដែរ ដោយផ្ដោតលើអ្នកមានចំណូលខ្ពស់ ហើយគ្រប់ផ្ទះនីមួយៗដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនគឺសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើបៗ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
នៅតំបន់ប៉ែកខាងជើងនេះដែរ យើងក៏ឃើញថាគម្រោងធំមួយរបស់លោកឧកញ៉ាគីមហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង ម្ចាស់បុរី វិមានសំណាង ។ បុរីនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដោយផ្ដោតលើអ្នកមានចំណូលខ្ពស់ដោយផ្ទះនីមួយៗ ក្នុងបុរីនេះមានតម្លៃរាប់ម៉ឺនដុល្លារ និងមានរហូតដល់ខ្ទង់លានដុល្លារផងក្នុងមួយល្វែង ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គម្រោងនេះ ធ្លាប់បានលើកឡើងថា លោកមើលឃើញពីចក្ខុវិស័យ និងសក្ដានុពលនៅតំបន់មួយនេះ ដែលធ្វើឱ្យលោកសម្រេចចិត្ត អភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់នេះឡើង ជាក់ស្ដែងយើងឃើញសកម្មភាព នៃការអភិវឌ្ឍតំបន់មួយនេះ កំពុងតែមមាញឹកខ្លាំង ហើយវាស្ថិតនៅជិតគម្រោងរបស់រដ្ឋធំៗ គម្រោងដែលមានការទាក់ទាញវិនិយោគជាច្រើនទៀត ហើយមិនយូរមិនឆាប់តំបន់នេះ នឹងកាន់តែរីកចម្រើននិងពោរពេញ ដោយការអភិវឌ្ឍកាន់តែខ្លាំង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់ភាគខាងជើងទាក់ទាញគំរោងវិនិយោគតម្លៃខ្ពស់ៗ ដោយសារតំបន់នេះប្រជុំដោយផ្សារទំនើបធំៗ ដូចជា EAON Mall2, Golbal House, Chip Mong Mall , Makro និងជាតំបន់ស្ថិតនៅកៀក នឹងពហុកីឡដ្ឋានមរតកតេជោ តំបន់សួនទឹកកំសាន្តលំដាប់អន្តរជាតិ ដែលបានវិនិយោគដោយអ្នកឧកញ៉ាលី យ៉ុងផាត់ជាដើម៕