ដោយៈសុផារី
ភ្នំពេញៈ ទោះបីមានសញ្ញានៃការងើបឡើងវិញ នៃអចលនទ្រព្យកម្ពុជា ប៉ុន្តែក៏នៅមានផ្នែកខ្លះ ដែលនៅមិនទាន់អាចស្តារពីវិបត្តិនៅឡើយ។
ក្នុងការលៈទេសៈនេះ អ្នកជំនាញបាននិយាយថា ក្នុងឆ្នាំ២០២៣ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ គួរតែងាកមកចាប់យកឱកាស នៃការវិនិយោគលើអចលនទ្រព្យប្រភេទឃ្លាំង រោងចក្រ ដីឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ជាដើម។
អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងប្រឹក្សា នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពផ្សេងៗគ្នាតាមផ្នែកនីមួយៗ។ សម្រាប់ផ្នែកលំនៅដ្ឋាន ការិយាល័យ និងផ្សារលក់ទំនិញ តម្លៃលក់ និងជួលទូទៅ នឹងបន្តមានការធ្លាក់ចុះ ដោយសារតែបរិមាណផ្គត់ផ្គង់ ដែលមានស្រាប់ និងកំពុងសាងសង់។
អ្នកជំនាញរូបនេះផ្តល់យោបល់ថា វិនិយោគិន គួរងាកមកពិចារណាលើផ្នែកផ្សេងៗទៀតដូចជា សណ្ឋាគារតម្លៃសមរម្យ អចលនទ្រព្យឧស្សាហកម្ម លំនៅដ្ឋានតម្លៃសមរម្យ លំនៅដ្ឋានសម្រាប់សិស្ស និស្សិត លំនៅដ្ឋានលំហែ cloud kitchen ជាដើម។
អ្នកនាងគូសបញ្ជាក់ថា “រំពឹងថាចំនួនអចលនទ្រព្យលក់ប្រញាប់ តម្លៃក្រោមទីផ្សារ នឹងមានការកើនឡើង ដោយសារតែការអត្រាការប្រាក់កើនឡើង នឹងការយកកម្ចីវិនិយោគមានការលំបាកជាងមុន”។ អ្នកនាងបន្ថែមថា “ប៉ុន្តែក្នុងស្ថានភាពទីផ្សារបែបនេះ ផ្ដល់ឱកាសកម្រសម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ”។
លោក Marc Townsend អគ្គនាយកជាន់ខ្ពស់ CBRE Cambodia ប្រចាំតំបន់អាស៊ី បានពន្យល់ពីទីផ្សារអចលនទ្រព្យកម្ពុជាថា ឆ្នាំ២០២៣នេះ គឺជាឱកាសដ៏ធំ និងល្អបំផុតសម្រាប់វិនិយោគ រយៈពេល១០ឆ្នាំ៕