អ្នកជំនាញអន្តរជាតិ៖ ទីផ្សារអចលនទ្រព្យកម្ពុជានឹងទទួលបានគម្រោងធំៗត្រលប់មកវិញក្នុងឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយរងផលប៉ះពាល់៣ឆ្នាំជាប់គ្នាពីជំងឺកូវីដ១៩ និងការផ្ទុះសង្រ្គាម ទីផ្សារអចលទ្រព្យកម្ពុជាត្រូវបានវាយតម្លៃថាមានភាពធន់ខ្ពស់ ហើយរំពឹងងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៣នេះ។

លោក Adam Fitzpatrick ប្រធានក្រុមហ៊ុន ISP ប្រចាំប្រទេសកម្ពុជា បានបង្ហាញការជឿជាក់លើទីផ្សារអចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០២៣ថា នឹងនាំយកមកវិញនូវគម្រោងធំៗ ជាច្រើន ដែលជាផ្នែកក៏មានសារៈសំខាន់ សម្រាប់ជម្រុញឱ្យទីផ្សារមួយនេះ មានភាពល្អប្រសើរឡើងវិញ ដោយសារការវិនិយោគពីបរទេសនឹងបន្តងើបដល់កម្រិតមុនកូវីដ១៩វិញឆាប់ៗនេះ។

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានលើកឡើងថា សម្រាប់អចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣នេះ វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមាន ដោយសារ​ក្នុងឆ្នាំ​នេះ ជឿជាក់ថា កម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ។

ចំណែកវិស័យដីធ្លីវិញ លោកស្រីលើកឡើងថា ក៏នឹងមានកំណើនវិជ្ជមាន បើទោះបីជាមានកំណើនតិចតួច ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

សញ្ញាវិជ្ជមានមួយទៀតនោះគឺ វិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងត្រលប់មកវិញ នៅក្រោយការប្រកាសបើកប្រទេសចិនឡើងវិញ។ កត្តានេះនឹងធ្វើឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here