ដោយ៖ សុផារី
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសម្ពុជា ដែលមានជំនឿនៅក្នុងការប្រើប្រាស់ក្បួនហុងស៊ុយក្នុងការទិញ លក់ និងអភិវឌ្ឍអចលនទ្រព្យបានចែករំលែកនូវវិធីសាស្ត្រក្នុងក្បួនហុងស៊ុយសំខាន់ៗ មុននឹងសម្រេចចិត្តទិញ លក់ ឬសាងសង់នូវអចលនទ្រព្យប្រភេទណាមួយ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើនគម្រោងនៅក្នុងប្រទេសកម្ពុជា បានចែករំលែកថា បើតាមក្បួនហុងស៊ុយ ដែលលោកបណ្ឌិតធ្លាប់ប្រើប្រាស់កន្លងមក មានហុងស៊ុយមួយចំនួន ដែលគួរពិចារណាមុននឹងទិញដីធ្លីឬ លំនៅឋាន ដោយត្រូវមើលទីតាំង និងតំបន់។
នៅពេលទិញត្រូវប្រាកដចិត្តថា ទីតាំងដែលទិញអាចលក់ចេញបាន សម្រាប់ទីតាំង ទី១ គឺគួរជៀសវាងទីតាំងផ្លូវទាល់ ទី២ គួរជៀសវាងអចលនទ្រព្យ ដែលបែរមុខទៅទិសខាងលិច។
លោកឧកញ៉ាបណ្ឌិត មានប្រសាសន៍ថា “មានទីតាំងមួយចំនួនដែលបងប្អូនគួរពិចារណា ទី១ ដីទាំងឡាយណានៅចុងគេផ្លូវទាល់ មិនគួរទិញ ព្រោះជាទីតាំងដែលលក់មិនងាយចេញទេ”។
ឧកញ៉ាបណ្ឌិតបន្តថា ហុងស៊ុយទី២ ដីដែលបែរមុខទៅទិញខាងលិចគួរជៀសវៀង ដោយទិសដែលល្អបំផុតទី១ គឺ ទិសខាងកើត ទី២ ខាងជើង ទី២ ខាងត្បូងទី៤ ខាងលិច ចុងក្រោយគឺផ្លូវទាល់។ មូលហេតុដែលទិសខាងកើតជាទីតាំងល្អ ព្រោះ ទិសខាងកើតជាទិសនៃពន្លឺពេលព្រឹក ដែលជាទិសនៃពន្លឺស្រស់ស្រាយ ចំណែកទិសខាងលិចគឺជាទិសនៃពន្លឺនាពេលល្ងាចជាពន្លឺមិនសូវល្អ។
ចំណុចសំខាន់់ទី២ លោកបណ្ឌិតបញ្ជាក់ថា គួរមើលលើហ្សូន ឬតំបន់នៃដីធ្លីនៃអចលនទ្រព្យនោះ គួរទិញប្រភេទដីលំនៅឋាន ជាប្រភេទអចលនទ្រព្យដែលមិនងាយជាប់គាំង ហើយប្រសិនបើប្រភេទដីលំនៅឋានដែលមានទីតាំងក្បែរផ្សារទៀតនោះកាន់តែល្អប្រសើរបំផុត ព្រោះវាជាទីតាំងតម្រូវការខ្ពស់។ ប៉ុន្តែ ដីប្រភេទកសិកម្ម ជាប្រភេទដីដែលមិនងាយឡើងថ្លៃ និងមានផលចំណេញមិនសូវខ្ពស់ឡើង។
លោកបណ្ឌិតបញ្ជាក់ថា ” ហាមទិញផ្លូវទាល់ បែរមុខទៅទិញខាងលិច។ ដីដែលគួរទិញបែរទៅទិសខាងកើត ឬខាងជើង ហើយនៅក្បែរផ្សារជាដីលំនៅឋាន”៕