ដោយ៖ សុធីតា
សៀមរាប៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាប្រមាណ២លានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរផងដែរ។
នេះបើតាមកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៍កន្លងមក។
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រនេះ គឺឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មានប្រវែង៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង២៧គីឡូម៉ែត្រ។
លោកបានឱ្យដឹងថា ចំពោះផ្លូវប្រវែង២៧គីឡូម៉ែត្រ ដែលស្ថិតនៅចាប់ពីភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កន្លងមកបានស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាលបានឱ្យផ្អាកមួយរយៈ ហើយការមានការរិះគន់ពីប្រព័ន្ធបណ្តាញសង្គមទៀតផង។
លោកបានបញ្ជាក់ដែរថា ផ្លូវមួយខ្សែនេះ កន្លងមកបានផ្តល់អត្ថប្រយោជន៍ដល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ។
លោក ទៀ សីហា ក៏បានលើកឡើងដែរថា សក្តានុពលរបស់ខេត្តមានវិស័យកសិកម្ម វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួតរបស់កម្ពុជា ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្នល់នេះ នឹងជួយជំរុញសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋផងដែរ។
រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ថវិកាចំនួន ២លានដុល្លារ សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ និងក្នុងនោះក៏មានធ្វើសំណង់សិល្បៈការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងធ្វើស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ។
ប្រភពដដែលបន្តថា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ដែរថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឱ្យកងវិស្វកម្មកងទ័ពស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និងប្រវែង២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឱ្យរួចរាល់នៅឆ្នាំ២០២៤៕