រដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវចំនួនជាង៤០០ខ្សែស្មើនឹងជាង៦ពាន់គីឡូម៉ែត្រនៅក្នុងឆ្នាំកន្លងមក

0

ដោយ៖ សុផារី

ភ្នំពេញ៖ កាលពីឆ្នាំ២០២២កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលកែលម្អផ្លូវនៅតាមទីជនបទ បានប្រមាណជាង៤០០ខ្សែ នៅទូទាំងប្រទេស ស្មើនឹងជាង៦ពាន់គីឡូម៉ែត្រ ដើម្បីបម្រើដល់ប្រយោជន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកនាំជញ្ជូនជាដើម ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា​កំពុងលើក​កម្រិតផ្លូវជនបទពីផ្លូវដី ទៅជាផ្លូវក្រាលក្រួសក្រហម ឬផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលបានជួយសម្រួល និងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៅជនបទ។

លោកបានបន្តថា ដើម្បីបង្កការងាយស្រួល ដល់ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្មនោះ តាមរយៈហិរញ្ញប្បទានពីថវិកាជាតិ ក្រសួងបានជួសជុល និងថែទាំផ្លូវជនបទបានចំនួន៤២៦ខ្សែ ប្រវែងជាង៤២០០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការគ្រប់ប្រភេទ និងស្លាកសញ្ញា​ចរាចរណ៍​ចំនួនជាង៣ពាន់កន្លែង អនុវត្តគម្រោងសាច់ប្រាក់ពលកម្ម ស្ថាបនាផ្លូវដីបានប្រវែងជាង៥៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលក្រួសក្រហមបានប្រវែងជាង៣០០គីឡូម៉ែត្រ ។

លោក សួស គង់ បានបន្ថែមថា ក្រសួងក៏បានការគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការ​ពីដៃគូ​ជាច្រើន ដោយបានស្ថាបនា និងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែងជាង៦០០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការបានចំនួនជាង១ពាន់កន្លែង ដែលលទ្ធផលនៅឆ្នាំ២០២២នេះ មានសកម្មភាពមួយចំនួនយឺតយ៉ាវ ដោយសារគម្រោងខ្លះ ស្ថិតក្នុងដំណាក់កាលកំពុងសិក្សា និងអនុវត្តកិច្ចលទ្ធកម្ម និងដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here