សុខុម
ប៉េកាំង: ទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិន បង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលបានដើរនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះ១០%មកនៅត្រឹម១,៩៨ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។
យោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅឱ្យដឹងថា នេះជាលើកទី១ ហើយដែលការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះចាប់តាំងពីឆ្នាំ១៩៩៩ មក។
អ្នកវិភាគមកពីស្ថាប័នស្រាវជ្រាវ និងវិភាគអន្តរជាតិ The Economist Intelligence Unit (EIU) បានលើកឡើងតាមរយៈរបាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា ថា “ចាប់ពីឆ្នាំ២០២៣តទៅ វិស័យអចលនទ្រព្យនឹងដើរតួនាទីកាន់តែថយចុះនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសចិន”។
លោក Yan Yuejin នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ E-house (E-house China Research and Development Institute) ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ ប្រទេសចិន ថ្លែងថា ការធ្លាក់ចុះ២ខ្ទង់នេះឆ្លុះបញ្ចាំងពី “ស្ថនភាពកាន់តែអាក្រក់ទៅ” ដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែព្យាយាមដោះស្រាយ។
លោកបានបន្ថែមថា “រដ្ឋាភិបាលក្រុងប៉េកាំង មានបំណងច្បាស់ណាស់ គឺបំណងធ្វើឱ្យការវិនិយោគ ក្នុងវិស័យអចលនទ្រព្យប្រសើរឡើង ជាមួយនឹងផែនការ២១ចំណុចរបស់ខ្លួន ដែលត្រូវបានប្រកាសនាពេលថ្មីៗនេះ ដើម្បីកែលម្អតារាងតុល្យការរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍”។
លោកបានបន្តទៀតថា ផែនការនេះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងការរំពឹងទុកអំពីការវិនិយោគ។
ផែនការ២១ចំណុចដែលត្រូវបានបង្ហាញកាលពីថ្ងៃទី១៣ ខែមករា នេះមានគោលបំណងផ្ដល់ហិរញ្ញប្បទានចំនួន៦៧ពាន់លានដុល្លារអាមេរិក ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងកម្មវិធីរៀបចំឥណទានឡើងវិញ។
សន្ទស្សន៍បរិយាកាសអចលនទ្រព្យនៃប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម៩៤,៣៥ពិន្ទុកាលពីខែធ្នូ ឆ្នាំ២០២២ បើធៀបនឹង១០០,២៨ពិន្ទុក្នុងឆ្នាំ២០២១។
ការវិនិយោគក្នុងវិស័យអចលនទ្រព្យប្រភេទលំនៅដ្ឋានបានធ្លាក់ចុះ៩,៥% មកនៅត្រឹម១,៤៨ទ្រីលានដុល្លារអាមេរិក ខណៈការលក់ផ្ទះថ្មីបានធ្លាក់ចុះ២៨,៣%មកនៅត្រឹម១,៧២ទ្រីលានដុល្លារអាមេរិក ចំណែកឯការលក់ដីបានធ្លាក់ចុះ៤៨,៤%មកនៅត្រឹម១៣៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២១។
បើគិតពីផ្ទៃក្រឡាដែលត្រូវបានលក់ចេញ ការលក់ផ្ទះថ្មីបានធ្លាក់ចុះ២៦,៨% ហើយការលក់ដីបានធ្លាក់ចុះ៥៣,៤%៕