ដោយៈ សុខុម
ហាណូយ: ក្រសួងហិរញ្ញវត្ថុវៀតណាម និយាយថា គោលនយោបាយគាំទ្រពន្ធ និងការកាត់បន្ថយថ្លៃប្រើប្រាស់ដីធ្លី សម្រាប់អាជីវកម្មនានា គួរតែបន្តពេញមួយឆ្នាំ២០២៣ ទោះបីជាមានការខ្វះខាតនៅក្នុងការប្រមូលថវិការដ្ឋយ៉ាងណាក្ដី។
ទោះជាយ៉ាងណា សំណើរបស់ក្រសួងនេះ មិនបានរួមបញ្ចូលការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ចំនួន២%ដែលខ្លួនបាននិយាយថា មានការពិបាក និងស្មុគស្មាញក្នុងការអនុវត្តនោះទេ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែមករា។
ក្នុងសំណើចុងក្រោយរបស់ខ្លួនផ្ញើទៅកាន់រដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចបានស្នើសុំឱ្យបន្តជួយគាំទ្រ ដល់ក្រុមហ៊ុនសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងបុគ្គលនានា តាមរយៈការបញ្ចុះតម្លៃ៣០% ក្នុងតម្លៃប្រើប្រាស់ដីធ្លីក្នុងឆ្នាំ២០២៣ បន្ថែមពីលើការពន្យារពេលបង់ពន្ធរបស់ពួកគេ។
លោកHo Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលើកឡើងថា “ក្រសួងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការផ្តល់ឱ្យអាជីវកម្មនូវពេលវេលាបន្ថែមទៀត ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ និងការកាត់បន្ថយ៣០%នៃថ្លៃប្រើប្រាស់ដីធ្លី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអាជីវកម្ម”។
រដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា អាទិភាពសំខាន់ៗសម្រាប់រដ្ឋាភិបាលថ្នាក់កណ្តាលនៅឆ្នាំនេះ រួមមានការពន្លឿនការបញ្ចេញ គម្រោងវិនិយោគសាធារណៈនានា ការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ច និងជួយកែលម្អដំណើរការអាជីវកម្មជាដើម៕ Vietnam News៕