ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបញ្ជាក់ថា ការសិក្សាលំអិតពីគំរោងជជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់ខេត្តកំពតបានសិក្សាបញ្ចប់រួចរាល់ហើយ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។
ព៌តមាននេះត្រូវបានលើកឡើងក្នុងជំនួបរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារេណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យប្រតិភូសាជីវកម្មធនាគារSumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃម្សិលម៉ិញនេះ។
ប្រតិភូ SMBC បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូននាពេលនេះ និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាត វៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។
លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិកបានជម្រាបជូនដែរថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំទាំងក្នុង និងក្រៅតំបន់៕