អ្នកជំនាញចែករំលែកធាតុផ្សំក្នុងការកសាងភាពធន់ក្នុងអាជីវកម្ម អចលនទ្រព្យនៅកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងកំឡុងវិបត្តិ អាជីវកម្មអចលនទ្រព្យជាច្រើន បានបិទទ្វារ តែក៏មានអាជីវកម្មច្រើនដែរដែលបានងើបឡើង។ អ្នកជំនាញដែលមានបទពិសោធន៍ បានចែករំលែកនូវធាតុផ្សំសំខាន់ៗ ក្នុងការកសាងភាពធន់ក្នុងអាជីវកម្មអចលនទ្រព្យនៅកម្ពុជា។

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property មានប្រសាសន៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ម្ចាស់អាជីវកម្មក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចកសាងភាពធន់របស់ខ្លួន តាមរយៈធាតុផ្សំសំខាន់ៗចំនួន៤ រួមមាន អ្នកវិនិយោគត្រូវមានមោទកភាព និងស្រលាញ់ចូលចិត្តអាជីវកម្មរបស់ខ្លួន មានចំណេះ ជំនាញ និងបទពិសោធន៍ មានចិត្តអំណត់ តស៊ូក្រាញននៀល មិនបោះបង់។

លោកបន្តថា “ការធ្វើអាជីវកម្មក៏ទាមទារ ឱ្យមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ដំណើរការ ឬមានប្រាជ្ញាផ្នែកហិរញ្ញវត្ថុ ក្នុងការស្វែងរកដំណោះស្រាយ ហើយត្រូវផ្តោតលើការលក់ និងរកចំណូល កាត់បន្ថយចំណាយមិនចាំបាច់ ដើម្បីនិរន្តភាព និងការរីកចម្រើនរយៈពេលវែង”។

ចំណុចដែលមិនអាចខ្វះបានមួយទៀតនោះគឺ ត្រូវយល់ច្បាស់ពីតម្រូវការទីផ្សារ និងអនាគតរបស់មុខរបរអចលនទ្រព្យ។

លោកលើកឡើងថា នៅកម្ពុជាបច្ចុប្បន្ន ទីផ្សារនៅមានតម្រូវការ និងអតិថិជននៅមានលទ្ធភាព (ទីផ្សារមិនទាន់ឆ្អែត)។

លោកគាម សៀកឡុងបានបន្តថា “អចលនទ្រព្យជាមុខរបរដែលមិនចេះហួសសម័យ តែមានការវិវត្តន៍ទៅតាមការរីកចម្រើននៃសង្គម ហើយមានវដ្តនៃការរីកចម្រើន នៅទ្រឹងឬធ្លាក់ចុះ ទៅតាមកត្តានយោបាយ និងសេដ្ឋកិច្ច”។

បន្ថែមលើសនេះ លោកថា ការជ្រើសរើសបាននូវបុគ្គលិកស្មោះស្ម័គ្រ ស្រលាញ់ចូលចិត្តមុខរបរនេះ នៅតស៊ូបម្រើការងារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ជាកត្តាជំរុញឱ្យទទួលបានភាពជោគជ័យ ក្នុងអាជីវកម្មផងដែរ។

ជាមួយគ្នានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងការវិនិយោគមួយរូបបានមានប្រសាសន៍ថា មុននឹងវិនិយោគលើអ្វីមួយ ត្រូវប្រាកដថាអ្នកវិនិយោគលើខ្លួនឯងជាមុនសិន។

លោកបានឱ្យជាឧទាហរណ៍ថា “មុននឹងទិញរថយន្ត ត្រូវប្រាកដថាអ្នកចុះឈ្មោះក្នុងថ្នាក់បើកបរ និងទទួលបានប័ណ្ណបើកបរជាមុនសិន”។

ដោយលោកបានចាត់ទុកសកម្មភាបនេះថា ជាវិធីគ្រប់គ្រងហានិភ័យ និងធ្វើឱ្យមានផលចំណេញសមរម្យ។

ក្រៅពីនេះ លោកង៉ែត ជូបានបញ្ជាក់ថា នៅក្នុងការវិនិយោគ ត្រូវជៀសវាងការលោភលន់ ការផ្តោតអារម្មណ៍ច្រើនពេក ទៅលើការបានផលត្រឡប់មកវិញក្នុងរយៈពេលខ្លី ការសេពគប់ជាមួយមនុស្សទុច្ចរិត និងការសម្រេចចិត្តដោយមិនពិចារណា (ប្រៀបដូចជាការពិការភ្នែក) ហើយទាំងនេះហើយជាគន្លឹះ ដើម្បីគាំទ្រភាពជោគជ័យរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here