តម្រូវការជួលខុនដូនឹងចាប់ផ្តើមមានសញ្ញាល្អប្រសើរនៅដើមឆ្នាំ២០២៣

0

ដោយៈសុផារី

ភ្នំពេញៈ និន្នាការរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរ  ពីការរស់នៅក្នុងផ្ទះប្រភេទបុរី មករស់នៅក្នុងខុនដូកាន់តែច្រើនជាងមុន។ ការទិញលក់ និងជួលខុនដូចាប់ផ្តើមមានប្រតិបត្តិការច្រើន ដោយសារតម្រូវការទាំងក្នុងស្រុក និងពីសំណាក់ជនបរទេស។

អ្នកជំនាញលើកឡើងថា ក្នុងឆ្នាំ២០២៣ តម្រូវការជួលខុនដូនឹងមានការកើនឡើងវិញ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ប្រាប់ Property Area Asia នៅក្នុងសប្តាហ៍នេះថា នៅក្នុងទីផ្សារខុនដូនៅក្នុងឆ្នាំ២០២៣ តម្រូវការនៃការជួលខុនដូ មានការកើនឡើង ដោយសាររំហូរនៃជនជាតិបរទេស ជាពិសេសជនជាតិចិន និងបណ្តាប្រទេសមួយចំនួន ចូលមកកាន់ប្រទេសកម្ពុជាវិញនៅឆ្នាំនេះ។

លោកគូសបញ្ជាក់ថា “តម្រូវការជួលប្រភេទទីផ្សារនេះ នឹងមានការកើនឡើងនៅក្នុងដើមឆ្នាំ២០២៣នេះ ដោយសាររំហូរជនបរទេសចូលមកកម្ពុជាមានការកើនឡើង”។

លោកឲ្យដឹងទៀតថា “ការដោះដូរ ទិញលក់ខុនដូ នាពេលបច្ចុប្បន្ននេះភាគច្រើន មានតែក្នុងចំណោមជនជាតិកម្ពុជាតែប៉ុណ្ណោះ”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា ជាមួយនឹងការកើនឡើងនៃតម្រូវការសកល ការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគបរទេស និងច្បាប់វិនិយោគថ្មី ក៏ដូចជាការបើកឡើងវិញពេញលេញនៃព្រំដែនកម្ពុជា ទីផ្សារនេះត្រូវបានរំពឹងថា សេដ្ឋកិច្ចនឹងដំណើរការបានល្អនៅក្នុងឆ្នាំនេះ ហើយវាអាចជាឱកាសមួយក្នុងការទិញអចលនទ្រព្យនៅកម្ពុជា មិនថាជាលំនៅឋាន និងការវិនិយោគនានា។

ប្រភពដដែលឱ្យដឹងទៀតថា ស្របពេលដែលប្រទេសកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយកំណើ នយ៉ាងឆាប់រហ័ស ហើយនគរូបនីយកម្មកំពុងពង្រីក ការជួលខុនដូ ដើម្បីទទួលបានចំណូលនៅក្នុងទីផ្សារ នៅតែមានភាពពេញនិយម។ ការវិនិយោគលើខុនដូ ក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវពិចា​រណាលើចំណុចសំខាន់ៗមួយចំនួន គឺទីតាំង និងសក្តានុពលសម្រាប់កំណើ​នក្នុងរយៈពេលវែង ព្រមទាំងសុវត្ថិភាព និងសន្តិសុខនៅក្នុងអាគារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here