ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធិ បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងសាងសង់ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៏សំខាន់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចូលក្នុងគម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។
ជាមួយគ្នានេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង។
ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង២ នឹងចំណេញចម្ងាយផ្លូវរហូតដល់៨០គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។
កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់ សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កាលពីខែសីហា ឆ្នំា២០២១៕