ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ កាន់តែមានសញ្ញាវិជ្ជមាន នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រោយពីប្រទេសចិនបានប្រកាស ពីការបើកប្រទេសបើកទូលាយឱ្យវិនិយោគិន និងទេសចរចេញចូលដោយសេរីឡើងវិញ។
ជាក់ស្ដែងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានចាប់ផ្ដើមសហការគ្នា ក្នុងការបង្ហាញពីសក្ដានុពល និងពីរបៀបរកស៊ី លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Lucky Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនអចលនទ្រព្យមួយ មកពីប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើសិក្ខាសាលាធំមួយ និយាយពីរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលសិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( CKCC ) ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈថា គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នករកស៊ី ក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគមកពីប្រទេសចិន។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមជាអ្នករកស៊ីក្នុងប្រទេសកម្ពុជា ក៏ចង់ឱ្យមានទំនាក់ទំនងល្អ រវាងអ្នករកស៊ីក្នុងប្រទេសកម្ពុជា និងអ្នករកស៊ីក្នុងប្រទេសចិនផងដែរ។
លោកបន្តថា កន្លងមកប្រជាជននៃប្រទេសកម្ពុជា យើងមួយចំនួន នៅមិនទាន់បានយល់ដឹងស៊ីជម្រៅ ទូលំទូលាយនៅឡើយ ពីវិនិយោគិនជនជាតិចិន ដូច្នេះដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ យើងត្រូវមានការផ្សារភ្ជាប់រវាងប្រជាជនចិន និងប្រជាជនកម្ពុជា និងអាចយល់ពីគ្នាកាន់តែច្បាស់នោះ នឹងធ្វើឱ្យទំនាក់ទំនង នៃការរកស៊ីរបស់យើង កាន់តែល្អប្រសើរបន្ថែមទៀត ។
នៅក្នុងសិក្ខាសាលានេះ នឹងមានការបកស្រាយលម្អិតពីលោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLucky Realty និងលោក Char Lyu នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសចិន Ming Sheung Landmark ដោយផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖
១. ស្វែងយល់ពីអត្តចរិត និងរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យរបស់ជនជាតិចិន។ ២.របៀបទិញដីរបស់អ្នកវិនិយោគិនចិន ។ ៣.របៀបលក់ដីរបស់អ្នកវិនិយោគចិន ។ ៤. របៀបសង់គម្រោងរបស់អ្នកវិនិយោគចិន ។
៥.របៀបលក់គម្រោងរបស់វិនិយោគិនចិន ទី៦.របៀបរកដៃគូសហការជាមួយវិនិយោគិនចិន។ ទី៧.របៀបធ្វើការជាមួយវិនិយោគិនចិន ទី៨. រៀបចាត់ចែងបុគ្គលិករបស់វិនិយោគិនចិន និងទី៩. ការយល់ឃើញពីអនាគតក្នុងវិស័យអចលនទ្រព្យ របស់វិនិយោគិនក្នុងប្រទេសកម្ពុជា៕