ដោយ: គង់ លាងហួរ
បាងកក: លោក Saenphin Sukhee នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Frasers Property Home (Thailand) បានមានប្រសាសន៍ថា តម្លៃដីនៅទីក្រុងបាងកក នៅតែបន្តកើនឡើង ក្នុងកំណើនជាមធ្យមចន្លោះពី៧០ 2 `ទៅ៧៥ភាគរយ។
លោកបានបន្តថា “ផ្លូវល្បឿនលឿនថ្មី បានធ្វើឱ្យតម្លៃដីហក់ឡើងថ្លៃស្ទើរតែទ្វេរដង”។
នៅទីតាំងមួយចំនួនដូចជាផ្លូវ Hathairat តម្លៃដីកើនឡើងជាង៣ដង ពី២ទៅ៣លានបាតដល់១០លានបាត ក្នុងទំហំ១៦០០ម៉ែត្រការ៉េ បន្ទាប់ពីការបញ្ចប់នៃផ្លូវល្បឿនលឿន នៅលើផ្លូវ Chatu Chot ។
យោងតាមនាយកដ្ឋានទិញយកដី និងអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Frasers បានឱ្យដឹងថា ផ្លូវល្បឿនលឿនថ្មីនេះ បានជំរុញឱ្យតម្លៃដីនៅភាគខាងលិចទីក្រុងបាងកក កើនឡើងជាមធ្យម៨១ភាគរយ ដែលតម្លៃដីនៅទីតាំង Rama 2-Bang Bon មានការកើនឡើង៩៨ភាគរយ ហើយតម្លៃដីនៅ Suksawat-Pracha Uthit បានកើនឡើង៦៣ភាគរយ។
ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីទីក្រុងបាងកកទៅកាន់បណ្តាខេត្តភាគខាងលិច បានជំរុញឱ្យតម្លៃដីនៅតំបន់ Pin Klao-Ratchaphruek និងRattanathibet-Chaiyaphruek កើនឡើងចន្លោះពី៦៤ទៅ៦៥ភាគរយ។
តម្លៃដីនៅតំបន់ Kaset-Ram Intra និង Watcharapol-Sai Mai បានកើនឡើង៦០ភាគរយ និង៤៤ភាគរយរៀងៗគ្នា ដែលបណ្តាលមកពីការពង្រីកផ្លូវរថភ្លើងក្រោមដី។
តម្លៃដីនៅភាគខាងកើតទីក្រុងបាងកក បានកើនឡើងជាមធ្យម៩២ភាគរយ ដោយសារតែមានការប្រកួតប្រជែង ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមានកម្រិតខ្ពស់។
លើសពីនេះទៀត តម្លៃដីនៅតំបន់ Ramkhamhaeng-On Nut មានការកើនឡើងខ្ពស់បំផុតរហូតដល់១៣៨ភាគរយ។
លោក Saenphin បានមានប្រសាសន៍បន្ថែមថា “តម្លៃដីពិតប្រាកដបានកើនឡើងលើសពីតម្លៃដី ដែលគេវាយតម្លៃ ហើយស្ថាប័នហិរញ្ញវត្ថុមិនអាចតាមទាន់ការកើនឡើងនោះទេ”៕