ក្រុមការងារជំនាញកំពុងធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយអាគារចំនួនជាង១០០០ដែលជាប់គាំងនៅខេត្តព្រះសីហនុ

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាល បង្កើតក្រុមការងារគណៈកម្មាធិការអន្តរក្រសួងដោះស្រាយគម្រោង អគារជាប់គាំងខេត្តព្រះសីហនុ ដែលមានការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុង​ការរៀប​ចំផែនការ វិធានការ ក៏ដូចជាយន្តការក្នុងការដោះស្រាយគម្រោងវិនិយោគទាំងអស់នោះ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា “គណៈកម្មាធិការអន្តរក្រសួង បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញ ក៏ដូចជាស្វែងរកដំណោះស្រាយ”។ លោកបន្តថា “ខ្ញុំគិតថា នឹងអាច​ដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ហើយរដ្ឋបាលខេត្តក៏កំពុងរង់ចាំកិច្ចដំណើរការចាប់ផ្តើម​ដោះស្រាយ​បញ្ហា ​ដែលកើតមាននៅក្នុងខេត្តព្រះសីហនុរបស់យើង

ញ្ហាអគារជាប់គាំងដែលមានការប៉ាន់ស្មាន ប្រមាណ១ពាន់អគារនៅខេត្តព្រះសីហនុ កំពុងក្លាយជារូបភាពអវិជ្ជមាន ​ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅ​ខេត្តជាប់មាត់​សមុទ្រមួយនេះ។

លោកជា កុកហុងប្រធានលេខាធិការដ្ឋាន សម្របសម្រួលរៀបចំផែនការមេខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណងបានមានប្រសាសន៍ថា ភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះ ដោយសារភាគីម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍខ្វះការសម្បទាន ឱ្យគ្នាទៅវិញទៅមក ដែលអាចមកពីការមិនយល់ច្បាស់ ពីស្ថាន​ភាព​សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា កាលពីខែតុលា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ មួយចង្អុលបង្ហាញដល់ក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ ឱ្យបង្កើត​គណៈកម្មាធិការ សិក្សារៀបចំដំណោះស្រាយជាកញ្ចប់ ទៅលើបញ្ហាជាប់គាំងអគារជាង ១ពាន់នៅខេត្តព្រះសហនុ។

គិតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយតាមលំដាប់លំដោយ ដូចជា ច្បាប់សាងសង់ វិវាទក្រៅប្រព័ន្ធតុលាការ លើកទឹកចិត្តពន្ធដារ ដើម្បីយកទៅអភិវឌ្ឍអគារ ដែលកំពុងជាប់គាំងទាំងអស់ និងទាក់ទាញអ្នកធុរកិច្ចផ្សេងៗ។

លោកជា កុកហុងបានបញ្ជាក់ថា “ក្រុមការងារបាន និងកំពុងទាក់ទាញអ្នក​វិនិយោគិន​ថ្មី ឱ្យចូលទៅអភិវឌ្ឍនៅខេត្តព្រះសីហនុ”។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការជាប់គាំងអគារជាច្រើន នៅខេត្តព្រះសីហនុនេះ កើតឡើងដោយសារការវិនិយោគ​ពុំមានក្របខណ្ឌស្ថាប័នគ្រប់គ្រងច្បាស់លាស់។

លោកបន្តដូច្នេះថា “ទោះជាការវិនិយោគរបស់ឯកជនក៏ដោយ ប៉ុន្តែនៅពេលមានបញ្ហា មិនមែនឯកជនមកដោះស្រាយឯណា គឺរដ្ឋជាអ្នកដោះស្រាយ។លោកបន្តថា បញ្ហានេះជាបន្ទុករបស់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ព្រោះរដ្ឋាភិបាលនឹងត្រូវយកចំណូល បានពីការប្រមូលពន្ឋរបស់ប្រជាពលរដ្ឋ ដើ់ម្បីដោះស្រាយបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here