អគារមាត់ឆ្នេរសមុទ្រដ៏ខ្ពស់បំផុតគ្រោងនឹងសាងសង់នៅ Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក

0

ដោយៈ សុខុម

ញូវយ៉ក: នៅមាត់ឆ្នេរសមុទ្រ Sunny Isles Beach នៅ Miami ស្ថិតក្នុងរដ្ឋផ្លរីដា (Florida) នឹងកាន់តែលើកសម្រស់ទាក់ទាញបន្ថែមមួយកម្រិតទៀតនៅឆ្នាំ២០២៦ ជាពេលដែលអគារលំនៅដ្ឋានដំបូងបង្អស់ដ៏អស្ចារ្យ របស់ក្រុមហ៊ុនអង់គ្លេសBentley Motors នឹងផុសឡើងយ៉ាងត្រដែតលើជើងមេឃ ដែលពេញទៅដោយខុនដូ និងសណ្ឋាគារប្រណីត។

អ្នកនាំពាក្យគម្រោងខាងលើនេះ បានទម្លាយឱ្យដឹងថា ដោយមានកម្ពស់២២៨ម៉ែត្រ អគារលំនៅដ្ឋាន Bentley Residences នឹងក្លាយទៅជាអគារជាប់មាត់មហាសមុទ្រ ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ។

រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Sieger Suarez Architects ដែលមានមូលដ្ឋាននៅ Miami អគារ៦៣ជាន់នេះ នឹងមាន២១៦យូនីតដែលសុទ្ធតែអាចគយគន់ទេសភាពមហាសមុទ្រ ហើយអ្វីដែលរឹតតែពិសេ​សអស្ចារ្យជាងនេះទៅទៀត គឺអគារនេះនឹងមានបំពាក់ជណ្ដើរយន្តដ៏ពិសេ​សមួយ ដែលអាចឱ្យអ្នកស្នាក់នៅ អាចយករថយន្តរបស់ខ្លួន ឡើងតាមជណ្ដើរយន្តនោះឡើង ទៅដល់មាត់បន្ទប់របស់ខ្លួនតែម្ដង។

លោក Charles Sieger ប្រធានក្រុមហ៊ុនស្ថាបត្យកម្មខាងលើនេះបានលើកឡើងតាមរយៈវីដេអូខលថា ជាធម្មតា អគារខ្ពស់ៗមិនអាចធ្វើបានទេ ក្នុងការយករថយន្តឡើងតាមជណ្ដើរយន្ត ហើយចតនៅខាងមុខបន្ទប់របស់អ្នកស្នាក់នៅ ដូចនេះពួកលោកកំពុងព្យាយាមធ្វើរឿងនេះឱ្យបាន។

ប្រព័ន្ធជណ្តើរយន្ត “Dezervator” ដែលមានប៉ាតង់បញ្ជាក់ទទួលស្គាល់ត្រឹមត្រូវ បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងអគារប៉ម Porsche Design Tower ដែលក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Sieger Suarez Architects។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ នៃការចាប់ផ្ដើមដំណើរការសាងសង់ និងទំហំទុនវិនិយោគសម្រាប់អគារលំនៅ    ដ្ឋានជាប់មាត់ឆ្នេរសមុទ្រនេះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here