អ្នកជំនាញៈឆ្នាំ២០២៣នៅតែផ្ដល់ក្ដីសង្ឃឹមដល់វិស័យអចលន ទ្រព្យកម្ពុជា

0

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំមួយ ដែលអ្នកជំនាញអចលនទ្រព្យអ្នកវិនិយោគ ក៏ដូចជាធុរជនលើវិស័យអចលនទ្រព្យ នៅតែបង្ហាញក្ដីសង្ឃឹមជាថ្មីថានឹងធ្វើឱ្យវិស័យនេះ នឹងមានភាពប្រសើរឡើងជាងឆ្នាំមុនៗ បន្ទាប់ពីជួបវិបត្តិកូវីដ១៩ បើទោះបីជាបច្ចុប្បន្ននេះវិបត្តិ នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែមិនទាន់បានបញ្ចប់។

អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia លោកស្រីGrace Rachny Foនងបានមានប្រសាសន៍ឲ្យដឹងកាលពីចុង​សប្តាហ៍មុនថា ទោះបីជាឆ្នាំ២០២៣នេះ វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បានបញ្ចប់ក្ដី តែសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងមានភាពប្រសើរឡើងវិញ និងប្រសើរជាងឆ្នាំ២០២២និងឆ្នាំ ២០២១កន្លងទៅ ។

លោកស្រីបន្តថា “ឆ្នាំនេះយើងមានក្ដីសង្ឃឹមច្រើន ជាក់ស្ដែងយើងឃើ​ញប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសរបស់ខ្លួនឡើងវិញហើយ”។លោក​ស្រីបន្ថែមថា “អ្នកដំណើរទាំងភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននឹងចាប់ផ្ដើមចាកចេញ និងស្វែងរកឱកាសវិនិយោគ នៅតាមបណ្ដាប្រទេសនានាឡើងវិញ ក្នុងនោះកម្ពុជាក៏ជាគោលដៅមួយរបស់ចិនផងដែរ “។

ដូច្នេះហើយ ទើបអ្នកវិនិយោគក្នុងស្រុកជាច្រើន បានផ្ដល់ក្ដីសង្ឃឹមថាស្ថានភាពវិនិយោគកក្នុងឆ្នាំ២០២៣នេះ នឹងប្រសើរជាងឆ្នាំ២០២១និងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។

លោកស្រីGrace Rachny បានបន្តទៀថា កត្តាមួយចំនួនដែលយើងរំពឹងថាឆ្នាំនេះ ជាឆ្នាំប្រសើរសម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដូចជារោងចក្រ ដំឡើងរថយន្តម៉ាកយីហោល្បីៗជាច្រើន បានដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលជាការទាក់ទាញដល់បណ្ដា ក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក ចូលមកជាបន្តបន្ទាប់ ។ ក្រៅពីនេះម៉ាកយីហោនៃទំនិញល្បីៗជាច្រើនក៏បានចូលមកកម្ពុជាជាបន្តបន្ទាប់ផងដែរ ។

លោកស្រីបន្ថែមថា នាពេលបច្ចុប្នន្ននេះដែរ យើងក៏បានឃើញបណ្ដាធនាគារទាំងក្នុងស្រុក និងបរទេសបានចាប់ផ្ដើមពង្រឹងខ្លួន កាន់តែរឹងមាំបន្ថែមទៀត ដោយបានពង្រីកការិយាល័យ ក៏ដូចជា សាងសង់អគារការិយា​ល័យកណ្ដាលរបស់ខ្លួនកាន់តែធំ ហើយនៅពេលណាធនាគារមានភាពរឹងមាំហើយនោះ វិស័យអចលនទ្រព្យក៏នឹងរឹងមាំដែរ ពីព្រោះថាវិស័យនីមួយៗគឺត្រូវមានការផ្សារភ្ជាប់គ្នា។

លោកស្រីGrace Rachnyឱ្យដឹងថា បើតាមការវិភាគរបស់ក្រុមអ្នកវិភាគលើវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២២កន្លងទៅ ថ្វីត្បិតតែយើងជួបបញ្ហាមែន តែបើសិនជាប្រៀបធៀបនឹងវិបត្តិក្នុងអំឡុងឆ្នាំ២០០៨ គឺឆ្នាំ ២០២០នៅល្អជាងឆ្នាំ២០០៨ឆ្ងាយណាស់ ប៉ុន្តែក្រោយពីឆ្នាំ ២០០៨ហើយ យើងនៅតែអាចស្ដារឱ្យវាងើបឡើងវិញបានលឿនរហ័ស ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន Lucky Realty បានឱ្យដឹងផងដែរថា ចាប់ពេលនេះ តទៅក្រុមហ៊ុនក្នុងស្រុកជាច្រើនគួរត្រៀមខ្លួន ក្នុងការទទួលយកនូវការវិនិយោគពីខាងក្រៅបណ្ដើរៗ។ ជាក់ស្ដែងក្រុមរបស់លោក ក៏បាននិងកំពុងត្រៀមខ្លួន និងគ្រោងនឹងបង្ហាញដល់អ្នកវិនិយោគក្នុងស្រុក ពីការទទួលផលចំណេញ ក្នុងវិស័យអចលនទ្រព្យជាពិសេសពីរបៀបរកស៊ី ជាមួយធុរជនមកពីប្រទេសចិន ស្របនឹងប្រទេសចិនបានបើកទូលាយ ដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here