ដោយៈ សុផារី
ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ បាននិងកំពុងចាប់ផ្តើមដាំបង្គោលគ្រឹះសសរស្ពាន និងកំពុងដោះស្រាយនូវផលប៉ះពាល់ នៅក្នុងបរិវេណការដ្ឋានសាងសង់ជាមួយប្រជាជន។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់មួយចំនួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ តំណាងក្រុមហ៊ុនសាងសង់សៀង ហៃ បានបង្ហាញអំពីដំណើរការនៃការសាងសង់ ដោយឈរលើកុងត្រារយៈពេល៤២ខែ ទើបរួចរាល់ ហើយមកទល់ពេលនេះ គឺសម្រេចបាន១% ហើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧១A ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣។ ស្ពាននេះ ជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាល នៅភូមិភាគឦសាន មកកាន់ទីប្រជុំជនផងដែរ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន បានជំរុញដល់ក្រុមការងារ ឱ្យដោះស្រាយផលប៉ះពាល់ ដោយសហការជាមួយក្រុមហ៊ុន ដោះស្រាយសម្របសម្រួល ផ្សព្វផ្សាយណែនាំ និងចុះពិនិត្យទីតាំងប៉ះពាល់ ដល់កិច្ចដំណើរការសាងសង់ស្ពាន និងផ្លូវតភ្ជាប់ជាក់ស្តែង ជាមួយម្ចាស់កម្មសិទ្ធិទ្រព្យ ដើម្បីគណនានូវប្រាក់សំណងឲ្យបានត្រឹមត្រូវ ហើយត្រូវគោរពអនុវត្តន៍នូវក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ច។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលមានប្រវែង១.៧៦១ម៉ែត្រ ក្រោមឥណទានសម្បទានពីប្រទេសចិន និងត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣។ គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤២ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណ១១៤លានដុល្លារ៕