ជនជាតិចិនសម្រុកទិញខុនដូនៅប្រទេសថៃ ស្របពេលមានក្តីបារម្ភពីបញ្ហាគោលនយោបាយ

0

ដោយ: គង់ លាងហួរ

បាងកក: ខុនដូនៅប្រទេសថៃ កំពុងទាក់ទាញអតិថិជនជនជាតិចិន ខណៈដែលពួកគេភាគច្រើនចង់ពន្លឿន ការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេ​សនេះ ដោយសារតែការព្រួយបារម្ភអំពីអនាគត នៃគោលនយោបាយសូន្យកូវីដ របស់ទីក្រុងប៉េកាំង។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Juwai IQI Group ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យ និងជាម្ចាស់វិបផតថលអចលនទ្រព្យអន្តរជាតិ juwai.com នៅក្នុងប្រទេសចិនបានមានប្រសាសន៍ថា “អតិថិជនចិនបានប្រញាប់ប្រញាល់ទិញខុនដូនៅប្រទេសថៃ ដែលមិនធ្លាប់មានមុនពេលជំងឺរាតត្បាត”។

យោងតាមលោក Tritecha Tangmatitham នាយកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Supalai Plc ដែលបានចុះបញ្ជីផ្សារហ៊ុន SET បានឱ្យដឹងថាអតិថិជនចិន បានបន្តការទិញខុនដូនៅទីក្រុងបាងកក នៅដើមឆ្នាំ២០២២ ដោយសារមានការព្រួយបារម្ភ អំពីការបិទខ្ទប់នៅក្នុងប្រទេសរបស់ពួកគេ។

លោក Tritecha បាន​បន្តថា “ជនជាតិ​ចិន​បាន​ទិញ​យូនីត​ខុនដូខ្នាត​ធំ ហើយ​ចង់​ផ្ទេរ​កម្មសិទ្ធិភ្លាមៗ ព្រោះ​ពួកគេ​ចង់​ស្នាក់រស់នៅ​ឱ្យបានឆាប់”។

លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development Plc ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន SET បានអះអាងថា “គោលបំណងនៃការទិញខុនដូ ក្នុងចំណោមជនជាតិចិនកាលពីឆ្នាំមុន បានបង្វែរទៅជាការទិញជាផ្ទះទី២ ពីគោលបំណងនៃការវិនិយោគ និងការរំពឹងទុកនៅក្នុងដំណាក់កាលមុនជំងឺរាតត្បាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here