ដោយៈ សុផារី
ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិ ប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ២៥.០០០នាក់ ដែលបានកើនឡើងជាង៩០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្នុងចំណោមទេសចរអន្តរជាតិទាំងអស់ មានទេសចរចិនមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ៨៦,៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរ ធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរ ដោយក្រុមហ៊ុន Air China។
លោករដ្ឋមន្ត្រី ថោង ខុន មានសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ។
លោកបានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងមានជើងហោះ លើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។
កម្ពុជាក៏បានរៀបចំពិធីស្វាគមន៍ ភ្ញៀវទេសចរចិនលើកដំបូង តាមជើងហោះហើរ AIR CHINA (CA745) នេះនឹងធ្វើនៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈនេះផងដែរ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ កម្ពុជាក៏បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ក្រុមភ្ញៀវទេសចរចិនចំនួន៣២នាក់ ដែលជាតំណាងទីភ្នាក់ងារទេសចរណ៍ចិន និងអ្នកសារព័ត៌មានមួយចំនួន នៅខេត្តស៊ិនជិន តាមជើងហោះហើរ ZH9045 ដែលមកសិក្សាពីគោលដៅទេសចរណ៍កម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់ Property Area Asia ថា នៅក្នុងខែកុម្ភៈនេះ ចំនួននៃការកក់សំបុត្រយន្តហោះ ធ្វើដំណើរពីប្រទេសចិន មកកាន់ទិសដៅនានានៅក្នុងប្រទេសកម្ពុជា មានចំនួនកើនឡើងវិញហើយ មិនថាទិសដៅខេត្តសៀមរាប ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុនោះទេ។
ក្រសូងទេសចរណ៍ បានបង្ហាញទិន្នន័យទេសចរនៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។ គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២.០០០នាក់ ទៅ១៣.០០០នាក់ ក្នុងមួយថ្ងៃ៕