ស្ពានអាកាសព្រះមុនីវង្សសម្រេចវឌ្ឍនភាពសាងសង់១១,៤១ ភាគរយហើយ

0

ដោយៈ សហការី

ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កំពុងដំណើរការខួងគ្រឹះសសរចំនួនសរុប២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនីវង្ស ដោយរហូតមកទល់ពេលនេះ សម្រេចបានការខួង និងចាក់បេតុងបានប្រមាណ២៥ដើម ស្មើនឹង ១១,៤១ភាគរយនៃគម្រោង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការដ្ឋានសាងសង់ស្ពានអាកាស៦០ម៉ែត្រក្បាលថ្នល់ បច្ចុប្បន្នក្រុមការងារកំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់ មានចំនួន២១៩ដើម ដោយទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងប្រមាណ២៥ដើម ដែលស្មើនឹង១១,៤១%។

លោកបន្តថា “ក្នុងនោះ ផ្នែកខាងលើផ្លូវ៦០ម៉ែត្រ នៅតំបន់ N-1 យើងបានខួងគ្រឹះរួចរាល់ចំនួន២២ដើម។ នៅតំបន់ N-2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត តែតំបន់នេះក៏ពិបាក ក្នុងការរៀបរបាំងការដ្ឋានផងដែរ ដោយសារប្រជាពលរដ្ឋមានការតវ៉ា”។

ចំណែកលើផ្លូវព្រះមុនីវង្ស នៅតំបន់ N-3 យើងបានធ្វើការខួងគ្រឹះបានចំនួន 3ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀតចំណែកនៅលើផ្លូវ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយ។ នេះបើយោ​ងតាមលោកប្រធានមន្ទីរ។

ស្ពានអាកាស៦០ម៉ែត្រក្បាលថ្នល់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២។

គម្រោងសាងសង់ស្ពានអាកាសនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយគ្រោងចំណាយថវិកាចំនួនជាង៣៦,៧លានដុល្លាអាមេរិក ប្រើប្រាស់រយៈពេលសាងសង់៣៦ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here