ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលផ្ទះជាមធ្យមនៅសិង្ហបុរី បានវ៉ាដាច់ទីក្រុងហុងកុង ដោយសារម្ចាស់ផ្ទះជាច្រើនបានឆ្លៀតដំឡើងថ្លៃ ស្របពេលការកើនឡើងនៃតម្រូវការនៅក្នុងទីផ្សារ។
តម្លៃជួលផ្ទះប្រចាំខែជាមធ្យម នៅក្នុងតំបន់កណ្តាលរបស់សិង្ហបុរីបានកើនឡើង២៩,៧ភាគរយ កាលពីឆ្នាំមុនដល់៥,៧៧ដុល្លារសិង្ហបុរី(៤,៣២ដុល្លារអាមេរិក) ក្នុង១ហ្វីតការ៉េ នៅក្នុងខែធ្នូ ឆ្នាំ២០២២។
ក្រុមហ៊ុន Midland Realty បាននិយាយថា តម្លៃជួលផ្ទះជាមធ្យមនៅទីក្រុងហុងកុង បានធ្លាក់ចុះ៤,១ភាគរយកាលពីឆ្នាំមុនមកនៅត្រឹម៣៣,៥៤ដុល្លារហុងកុង(៤,២៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េនៅក្នុងខែធ្នូ ឆ្នាំ២០២២។
បច្ចុប្បន្ននេះ ការជួលផ្ទះជាមធ្យមនៅទូទាំងទីក្រុងហុងកុង មានតម្លៃថោកជាងនៅប្រទេសសិង្ហបុរី បើគិតជាប្រាក់ដុល្លារអាមេរិក ក្នុង១ហ្វីតការ៉េ។ នេះបើយោងតាមការប្រៀបធៀប តម្លៃនៅទូទាំងទីតាំងសំខាន់ៗចំនួន៣ នៅក្នុងទីក្រុងទាំងពីរ ដែលចងក្រងដោយកាសែត South China Morning Post។
ការជួលផ្ទះនៅទីក្រុងថ្មី Tseung Kwan O និងសូម្បីតែទីក្រុង Yuen Long នៅលើកោះហុងកុង ក៏មានតម្លៃថោកជាងតំបន់ដែលអាចប្រៀបធៀបបាននៅក្នុងប្រទេសសិង្ហបុរីផងដែរ។
លោក Norris Low នាយកផ្នែកជួលសាជីវកម្មនៅទីភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយរបស់សិង្ហបុរី PropNex Realty បានមានប្រសាសន៍ថា “តម្រូវការជួលដ៏រ៉ឹងមាំ បានជំរុញឱ្យមានកំណើនជួល នៅក្នុងប្រទេសសិង្ហបុរី ខណៈការចាកចេញរបស់ជនបរទេស និងវិធានការកូវីដដ៏តឹងតែងបានធ្វើឱ្យទីផ្សារជួលលំនៅដ្ឋាននៅហុងកុងដាំក្បាលចុះ”។
លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ីប្រចាំនៅក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បានមានប្រសាសន៍ថា “ការកើនឡើងនៃថ្លៃជួលដ៏ច្រើន នៅក្នុងប្រទេសសិង្ហបុរី បានចាប់ផ្តើមធ្វើឱ្យជនបរទេស ដែលធ្វើការនៅទីនោះមានការខកចិត្ត”។
លោកបានបន្តថា “សម្រាប់ប្រទេសសិង្ហបុរី ការជួលលំនៅដ្ឋានបានកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ហើយសហសេវិករបស់យើងមួយចំនួនបានត្អូញត្អែរ ដោយសារតែពួកគេកំពុងទទួលរងនូវការចំណាយដ៏ខ្ពស់នៃថ្លៃជួលទាំងនេះ”៕