ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ សេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួស ដែលផ្ដោតលើការចាត់ចែងទ្រព្យជំនួសម្ចាស់ទ្រព្យ ស្វែងរកភ្ញៀវជួលអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ នៅតែមានភាពទីផ្សារខ្ពស់ ខណៈការប្រកួតប្រជែងនៅមានតិចតួចប៉ុណ្ណោះ ។
លោកញឹម រាសីអគ្គនាយកក្រុមហ៊ុន WH ដែលជាក្រុមហ៊ុនផ្ដោតលើការគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ និងការស្វែងរកអតិថិជនមកជូនម្ចាស់ទ្រព្យនោះបានឱ្យដឹងក្នុងសប្តាហ៍មុនថា ក្រុមហ៊ុនWH ជាក្រុមហ៊ុនជំនាញក្នុងការអភិវឌ្ឍអចលនទ្រព្យស្នាក់នៅ ដូចជាសណ្ឋាគារ និងអាផាត់មែន ហើយក្រៅពីនេះ ក្រុមហ៊ុនក៏មានសេវាកម្មសហការជាមួយម្ចាសទ្រព្យដើម្បីឱ្យម្ចាស់ទ្រព្យមានចំណូលជាប្រចាំ ។
លោកបន្តថា សេវាកម្មទាំងនេះ គឺនៅមានភាពទូលំទូលាយនៅឡើយ នៅក្នុងប្រទេសកម្ពុជា ខណៈម្ចាស់ទ្រព្យជាច្រើនគាត់រកភ្ញៀវមិនបាន ហើយក៏ទុកអគារទាំងនោះចោល ជាពិសេសនៅក្នុងអំឡុងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យម្ចាស់អគារទាំងនោះមិនមានចំណូល។ ការបង្កើតក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ គឺនឹងជួយឱ្យម្ចាស់ទ្រព្យទទួលបានចំណូលត្រលប់មកវិញ ហើយធ្វើឱ្យអគាររបស់គាត់មានដំណើរការ ។
លោកញឹម រាសីបានបន្តថា ទីផ្សារអចលនទ្រព្យវាមានឡើងមានចុះ ហើយបើសិនជាម្ចាស់ទ្រព្យ គាត់មិនបានដឹងពីទីផ្សារថែមទៀតនោះ អចលនទ្រព្យរបស់គាត់នឹងកាន់តែបាត់បង់ចំណូល រឹតតែធ្វើគាត់មានបញ្ហាជាមួយនឹងហិរញ្ញវត្ថុផងដែរ ។
លោកបន្ថែមថា ម្ចាស់ទ្រព្យពេលខ្លះ គាត់មានទ្រព្យហើយ តែគាត់អាចនឹងគិតមិនឃើញថា នឹងធ្វើអ្វី ឬមិនមានពេលគ្រប់គ្រង ថែរទាំ និងផ្តល់ភាពកក់ក្តៅដល់អតិថិជន តែបើសិនជាមានក្រុមហ៊ុនគ្រប់គ្រងជំនួសនេះ យើងអាចនឹងជួយគាត់បានច្រើន ហើយនឹងអាចបំពេញតម្រូវការទីផ្សារ អចលនទ្រព្យបានទៀតផង ដោយសារតែយើងដឹងពីទីផ្សារពីតម្រូវការ និងអាចកែច្នៃអចលនទ្រព្យឱ្យស្របនឹងបរិបទទីផ្សារជាក់ស្ដែង។
លោកបន្ថែមទៀតថា មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យក៏អាចឱ្យម្ចាស់ទ្រព្យជួលទ្រព្យរបស់ខ្លួន ទៅអតិថិជនបានលឿនរហ័សផងដែរ ជាក់ស្ដែងបើសិនជាយងមានផ្ទះមួយទាំងមូល ជួលក្នុងតម្លៃមួយដែលមនុស្សម្នាក់មិនអាចមានលទ្ធភាពជួលបាន តែយើងអាចយកផ្ទះនោះមករៀបចំជាបន្ទប់ៗ និងជួលទៅមនុស្សច្រើននាក់ក្នុងតម្លៃទាប ប៉ុន្តែបើបូកសរុប គឺយើងទទួលបានចំណូលខ្ពស់ជាងការជួលផ្ទះទាំងមូល។
លោកបន្តថា មួយទៀតការជួលខុនដូ អាផាត់មិនក៏ដូចគ្នា បើសិនជាយើងជួលមិនបានហើយ យើងមិនគួររង់ចាំអ្នកមានលទ្ធភាពមកជួលនោះទេ គឺត្រូវការកែច្នៃវាដើម្បីឱ្យជួលបានលឿនរហ័ស។
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានមើលឃើញថា កាន់តែមានបែបផែនច្រើនទម្រង់ ដែលអាចឱ្យវិនិយោគិន និងអ្នកអភិវឌ្ឍន៍អាចរកចំណូលបានខ្ពស់ និងសាងភាពមានបានលឿនរហ័ស បើសិនជាអ្នកទាំងនោះដើរត្រូវនឹងបែបផែន៕