ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកធុរកិច្ចកម្ពុជា ចិនមួយក្រុមបានមូលគំនិតគ្នា ដោយឈានទៅបង្កើត “សមាគមធុរកិច្ចកម្ពុជា ចិន” បន្ទាប់ពីពួកគេបានជួបគ្នាក្នុងសិក្ខាសាលាកាលពីចុងសប្តាហ៍មុន។
លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃច័ន្ទទី២០ កុម្ភៈថា ក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តរួមគ្នា បង្កើតសមាគមបែបនេះ ដើម្បីពង្រីកឱកាសរកស៊ីក្នុងវិស័យអចលនទ្រព្យ និងវិស័យដទៃទៀត ដើម្បីពង្រីកឱកាសអាជីវកម្ម និងវិនិយោគនាពេលអនាគត។
លោកបន្តថា “ការបង្កើតសមាគមនេះ ដើម្បីឲ្យសមាជិកសមាគម អាចចូលរួមគ្នា សិក្សានិងស្គាល់អាជីវកម្មគ្នាទៅវិញទៅមក ដើម្បីអាចសហការគ្នា ឬពង្រីកឱកាសអាជីវកម្មរួមគ្នាផងដែរ”។
អ្នកវិនិយោគចិនមួយរូប លោកយ៉ុង កឺ ដែលបានចូលរួមសិក្ខាសាលាស្វែងយល់ពីការសហការ រកស៊ីអចលនទ្រព្យជាមួយជនជាតិចិន បានមានប្រសាសន៍ថា យោងតាមបទពិសោធន៍នៅប្រទេសចិនកន្លងមក អ្នកវិនិយោគមកពីប្រទេសធំៗ ដូចជាអាមេរិក អឺរ៉ុប ចូលទៅកាន់ប្រទេសចិន ពួកគេមិនសូវមានការយល់ដឹងពីវិធីសាស្រ្ត ពីវប្បធ៌ម ទំនៀមទំលាប់និងការរកស៊ីនៅប្រទេសចិននោះទេ គឺដូចគ្នានឹងការមកររកស៊ីរបស់ជនជាតិចិន នៅកម្ពុជាដំបូងៗផងដែរ។
លោកបន្តថា “ការស្គាល់គ្នា ជួបគ្នាយល់ពីគ្នា និងដឹងពីរបៀបធ្វើការជាមួយគ្នា គឺងាយស្រួលក្នុងការវិនិយោគនៅកម្ពុជា ហើយពួកគេនឹងពង្រីកឱកាសវិនិយោគនៅទីនេះ”។
ជាមួយគ្នានេះ លោកឌិន កុសលនាយកប្រតិបត្តិក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនផ្សេងៗទៀតនឹងរៀបចំកម្មវិធី ជួបស្វែងយល់គ្នាទៅវិញទៅមក ឲ្យបានកាន់តែញឹកញាប់ថែមទៀត និងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគចិន និងអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗទៀត ឲ្យបានយល់ពីបរិយាកាស ទំនៀមទំលាប់ ប្រពៃណី របៀបនៃការរស់នៅ និងការរកស៊ីរបស់ប្រជាជនកម្ពុជា។
លោកបន្តថា “នៅពេលអ្នករកស៊ីបរទេស សហការជាមួយអ្នករកស៊ីនៅកម្ពុជាបានកាន់តែច្រើន នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពរីកចម្រើន និងជួយយធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង”៕