ដោយវុត្ថា
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសថៃនឹងចូលរួមសម្ពោធដាក់ឪ្យដំណើការជាផ្លូវការនូវផ្លូវរថភ្លើងរត់ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនៅក្នុងអំឡុងឆ្នាំ ២០១៩នេះ ក្រោយពីភាគីទាំងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានពិភាក្សារួចរាល់កាលពីអំឡុងឆ្នាំ ២០១៨ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឪ្យដឹងកាលពីម្សិលមិញនេះ ថា នឹងអញ្ជើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងនាយករដ្ឋមន្ត្រីថៃ ឪ្យជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃតាមផ្លូវដែក យើងធ្វើកិច្ចព្រមព្រៀងជាមួយភាគីថៃរួចរាល់អស់ហើយ តែមិនទាន់ចុះហត្ថលេខាជាផ្លូវការ។ លោកស៊ុនចាន់ថុលបន្តថា “ខ្ញុំទទួលបានសិទ្ធិប្រទានពីនាយករដ្ឋមន្ត្រីរួចហើយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ តែយើងរងចាំភាគីថៃដោយមិនដឹងពេលណាគេសម្រេចចុះហត្ថលេខាបាននោះទេ”។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ធ្លាប់បានឱ្យដឹងថា ការតភ្ជាប់ ផ្លូវរថភ្លើងរវាងថៃ និងកម្ពុជានេះ នឹងត្រូវបើកដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើ ដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជន អាជីវករ ពាណិជ្ជករនៃប្រទេស ទាំងពីរដឹក ជញ្ជូនទំនិញ ផលិតផលផ្សេងៗ ចេញ ចូល កាន់តែលឿនឆាប់រហ័ស និងផ្ដល់ភាពងាយស្រួល ថែម ទៀត។






